កិច្ចសវនាការរវាងឯកឧត្ដមទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម ជាមួយឯកឧត្ដម James Adams អនុប្រធានធនាគារពិភពលោក
នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១១ នៅទីស្ដីការបណ្ដោះអាសន្នក្រសួង ឯកឧត្ដមទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ ឯកឧត្ដម James Adams អនុប្រធានធនាគារពិភពលោកចូលជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការវិវត្ដន៍វិស័យ លើដីធ្លីនៅកម្ពុជា ។
ជាកិច្ចចាប់ផ្ដើមឯកឧត្ដម James Adams បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឱ្យគាត់ជួបជាថ្មី ដើម្បីស្វែងយល់ពីការវិវឌ្ឍន៍ក្នុងវិស័យដីធ្លី។
ជាការឆ្លើយតប ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានថ្លែងមតិស្វាគមន៍ នឹងមានក្ដីរីករាយដែលបានជួប ឯកឧត្ដម James Adams សារជាថ្មី និងបានលើកឡើងថា ការងារលើវិស័យដីធ្លីចេះតែបន្ដដំណើការទៅមុខជានិច្ច ។ កម្ពុជាជានិច្ចកាលតែងតែថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងដៃគូអភិវឌ្ឍដទៃទៀតដែលបាននាំមកនូវបច្ចេកទេសថ្មី និងទំនើប និងបានធ្វើការបណ្ដុះបណ្ដាលមន្ដ្រីជំនាញរបស់ក្រសួងលើជំនាញដីធ្លីបានចំនួនជាង ១.០០០នាក់ និស្សិតថ្នាក់បរិញា្ញប័ត្រនៅមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លីបានជាង២៥០នាក់ ។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានជំរាបជូនផងដែរថា ក្រសួងតែងតែផ្អែកលើឯកសារបឋមស្ដីពីក្របខ័ណ្ឌយុទ្ធសាស្ដ្រនៃគោលនយោបាយដីធ្លី ឬហៅម្យ៉ាងទៀតថា ជាសៀវភៅបៃតង ជា ផែនទីបង្ហាញផ្លូវ ហើយដែលបច្ចុប្បន្នឯកសារនេះកំពុងត្រូវបានអភិវឌ្ឍឱ្យទៅជាឯកសារគ្រប់ជ្រុងជ្រោយ នៃគោលនយោបាយដីធ្លី ឬហៅម្យ៉ាងទៀតថា ជាសៀវភៅ “ស” ។ រហូតមកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលមានក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ដមួយចំនួនធំសមរម្យល្មមអាចប្រើប្រាស់បានជាមូលដ្ឋានសំរាប់ធ្វើការដោះស្រាយបញ្ហាដីធ្លី និងដោយឆន្ទៈឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំក្នុងការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា មានសុទិដ្ឋិនិយមនៅក្នុងការអនុវត្ដការងារកំណែទម្រង់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទន្ទឹមនេះដែរ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានជម្រាបជូនផងដែរអំពីការខិតខំថ្មីៗនេះរបស់រាជរដ្ឋាភិបាលក្នុងការកសាងក្របខ័ណ្ឌគតិយុត្ដ ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីដោយមានការចង្អុលបង្ហាញ និងណែនាំផ្ទាល់ពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឱ្យអនុវត្ដសារាចរលេខ ០២ និងលេខ ០៣ ចំពោះទាំងទំនាស់ដីធ្លីនៅតំបន់ជនបទ និងនៅតំបន់ទីក្រុង ដែលជាមូលដ្ឋានអាចឱ្យអាជ្ញាធរដែនដីមានលទ្ធភាពដោះស្រាយ បញ្ហទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួនបាន។
ឯកឧត្ដម James Adams មានការសប្បាយរីករាយនៅពេលមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងៗ តែងតែឃើញកម្ពុជាសម្រេចបាននូវលទ្ធផលការងារថ្មីៗជាច្រើន ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដដោះស្រាយក៏ដោយ ហើយឯកឧត្ដមបានកោតសរសើរ និងមានជំនឿជឿជាក់ថា ការកែទំរង់ដីធ្លីនៅកម្ពុជានឹងទទួលបានជោគជ័យ ។
ជាទីបញ្ចប់ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានអរគុណចំពោះឯកឧត្ដម James Adams ដែលមានការយោគយល់អំពីការលំបាក និងការប្រឈមនានាចំពោះវិស័យដីធ្លី ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំជំនះ ។