January 10, 2019
 ក្រុមការងារ​គម្រោង​ចិត្តដូចគ្នា របស់​ហភាព​សហព័ន្ធយុវជន​កម្ពុជា បាន​ទទួល​ការអនុញ្ញាត​ចូលជួប​សំណេះ​សំណាល​ជាមួយ ឯកឧត្តម ជា​​​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ នាព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។ ក្នុងជំនួប​សំណេះ​សំណាល​នេះ ប្រធាន​ក្រុមការងារ​នៃគម្រោង​ចិត្តដូចគ្នា បានឱ្យដឹងថា គម្រោង​ចិត្តដូចគ្នា ត្រូវ​បានបង្កើត​ឡើង​នៅឆ្នាំ២០១៦ ដោយ​សារ​តែ​យុវជន​បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្​តជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រួចមក ពួកគាត់មានចំណេះដឹង និងបទពិសោធន៍បន្ថែមទៅលើការងារសង្គម ដូច្នេះហើយទើបរួមគ្នារៀបចំឱ្យមានកម្មវិធីមួយ ដើម្បីរួមចំណែកជួយដល់ផ្នែកមនុស្សធម៌ផ្សេងៗដូចជា ផ្ដល់ថវិកាជួយដល់ការទ្រទ្រង់សាលារៀនមួយចំនួនផងដែរ។ នៅឆ្នាំ២០១៧ គម្រោងចិត្តដូចគ្នានេះ ក៏បានបន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចបានទិសដៅក្នុងការជួយដល់សង្គម ចូលរួមស្ម័គ្រចិត្តបំពេញការងារបន្ថែម និងដើម្បីឱ្យយុវជនពិសេសនិស្សិតឆ្លៀតពេលទំនេរក្រៅពីការសិក្សា អាចជួយដល់ការងារសង្គមបាន​។ នៅក្នុងរដូវកាលទី១ គម្រោងនេះបានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីនិស្សិតតាមសកលវិទ្យាល័យនានា សរុបចំនួន ២៩គម្រោង។ ចំពោះរដូវកាលទី២ នៅឆ្នាំ២០១៧ ដោយសង្កេតឃើញពីគុណប្រយោជន៍យ៉ាងច្រើនអំពីការងារស្ម័គ្រចិត្តជួយសង្គមនេះ ក្រុមការងារក៏បានរៀបចំកម្មវិធីនេះម្ដងទៀត ដោយមានការប្រគួតប្រជែងគម្រោង ក្នុងនោះ គម្រោងដែលបានលើកឡើង មានចំនួន ៦ ដែលទាក់ទងនឹងការងារមួយចំនួន ដូចជាការងារបរិស្ថាន ព័ត៌មានវិទ្យា បង្កើត App ផ្សេងៗ សម្រាប់ប្រើប្រាស់ជាដើម ដោយសារនេះជាសម័យបច្ចេកវិទ្យាទំនើប។ តាមរយៈការរៀបចំកម្មវិធីនេះ ធ្វើឱ្យនិស្សិត ក៏ដូចជាយុវជនយល់ឃើញថា ទាំងនេះមិនគ្រាន់តែជាការប្រគួតប្រជែង គម្រោងនោះទេ ប៉ុន្តែធ្វើឱ្យពួកគេដឹងច្បាស់ថា ការដែលធ្វើ ឬ អនុវត្តគឺមិនងាយស្រួលដូចអ្វីដែលគ្រាន់តែនិយាយនោះឡើយ។ ប្រធានក្រុមការងារនៃគម្រោងចិត្តដូចគ្នា រូបនេះសង្ឃឹមថា យុវជនទាំងអស់នឹងចូលរួមគម្រោងនេះឱ្យបានច្រើន ដើម្បីសម្រេចឱ្យបានជោគជ័យនាឆ្នាំបន្តបន្ទាប់ទៀត ព្រមទាំងបានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានផ្ដល់ឱកាសដល់យុវជនទាំងអស់ទទួលបានអនុសាសន៍ណែនាំបន្ថែមនាពេលនេះ ដើម្បីពង្រឹងស្មារតីក្នុងនាមជាយុវជន និងការងារជួយសង្គម។ ឯកឧត្តម  ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានចាត់ទុកថានេះការប្រមូលផ្ដុំនូវធនធានមនុស្សដែលមានឆន្ទៈ និងសកម្មភាពជាក់ស្ដែង សម្រាប់ជួយទ្រទ្រង់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាំទ្រចំពោះការចងក្រងការពិភាក្សាប្រធានបទនិមួយៗ ដែលមិនមែនជាការងាយស្រួល និងត្រូវចំណាយពេលវេលាជាច្រើន និងគាំទ្រចំពោះសកម្មភាពការងារសង្គមទាំងអស់ដែលកន្លងមកសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការប្រមូលផ្ដុំយុវជនជាច្រើន ដើម្បីធ្វើសកម្មភាពរួមគ្នាជាប្រយោជន៍ជូនសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យយុវជនទាំងអស់ ធ្វើយ៉ាងណាត្រូវចេះរក្សាសាមគ្ដីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ នោះទើបអាចសម្រេចបានជោគជ័យក្នុងចលនាសង្គម៕














           
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000247
ម្សិលមិញ :
001564
សរុប :
5217337
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា