September 26, 2019

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម MIKAMI MA SAHARO ដែលត្រូវបានតែងតាំងជាអគ្គរាជទូតថ្មីរបស់ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ខ្លួន ជាមួយនឹងស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍ដែលកម្ពុជាមានសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ភាពសុខដុមរមនាជាមួយនឹង GDPក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះហើយបានធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ៧% ជារៀងរាល់ឆ្នាំ។ ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ របស់កម្ពុជាក៏មានការគាំទ្រពីអគ្គរាជទូតជប៉ុនគ្រប់អាណត្ដិ ជាពិសេសនៅពេលថ្មីៗនេះ ក្រសួងសម្រេចបានលទ្ធផលការងារដោយជោគជ័យដោយមានការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ របស់ជប៉ុនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសំណូមពរ ដល់អគ្គរាជទូតជប៉ុនដែលទើបតែងតាំងថ្មីថា បច្ចុប្បន្នច្បាប់សំណង់ គឺស្ទើរតែបានសម្រេចជោគជ័យ ១០០% ដែលគ្រោងនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះដើម្បីឱ្យច្បាប់សំណង់កាន់តែល្អនិងមានប្រសិទ្ធភាពថែមទៀតនោះ គឺគួរតែមានច្បាប់រៀបចំដែនដី បន្ថែមមួយទៀត ដោយមានកិច្ចសហការពីភាគីជប៉ុន ដើម្បីឱ្យដំណើរការទទួលបានលទ្ធផលល្អ។ ចំពោះបញ្ហាសុរិយោដី គឺកន្លងមកក្រសួងមានការជួយគាំទ្រពីក្រុមការងារជំនាញរបស់ជប៉ុន ដូច្នេះក្រសួងនឹងបន្តជំរុញការងារនេះបន្ថែមទៀតដើម្បីឱ្យដំណើរការទទួលបានផ្លែផ្កា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ច្បាប់ភូមិបាលឆ្នាំ ២០០១ ត្រូវ តែធ្វើវិសោធនកម្មមាត្រាខ្លះ ឱ្យបានសមស្របជាមួយក្រមរដ្ឋប្បវេណី ដូច្នេះកិច្ចការនេះក៏ជាដំណើរការមួយដែលត្រូវស្នើសុំឱ្យមានការគាំទ្រពីខាងភាគីជប៉ុន នាពេលខាងមុខនេះផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ថែមថា នៅឯខេត្តព្រះសីហនុវិញ គឺហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុង គឺស្ទើរតែខូចខាត ៩០% ដោយសារតែខ្វះការថែទាំ ហើយបច្ចុប្បន្ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននឹងកំពុងដំណើរការរៀបចំឯកសារនិងចាប់ផ្ដើមការងារក្នុងខែវិច្ឆិកាខាងមុខនេះ ដូច្នេះក៏ស្នើសុំឱ្យមានកិច្ចសហការពីភាគីជប៉ុនផងដែរដើម្បីជំរុញការងារនេះឱ្យបានសម្រេចជោគជ័យ ។ ជាការឆ្លើយតប ឯកឧត្តម MIKAMI MA SAHARO អគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានបង្ហាញពីក្ដីរីករាយដែលបានធ្វើការជាមួយកម្ពុជាដែលជាប្រទេសមួយមានទំនាក់ទំនងល្អជាមួយជប៉ុន។ ឯកឧត្តមបានថ្លែងនូវការគោរពចំពោះ ការខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសរហូតមកទល់សព្វថ្ងៃ។ ជប៉ុនកំពុងតែធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗចំពោះការកសាងឡើងវិញនូវការអភិវឌ្ឍរបស់កម្ពុជាក្នុងនោះមានផ្នែកនយោបាយ  សេដ្ឋកិច្ច និងវប្បធម៌ជាដើម ។ ឯកឧត្តមក៏បានជូនពរឱ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទទួលបាននៅសុខដុមរមនា រីកចម្រើនកាន់តែខ្លាំងថែមទៀត ។​ឯកឧត្តមបានបញ្ជាក់ថា ជប៉ុននិងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ របស់កម្ពុជាផងដែរ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងនោះ ភាគគីជប៉ុននឹងយកទៅពិចារណាជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុនដើម្បីឆ្លើយតបតាមសំណើរទាំងនោះ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003947
ម្សិលមិញ :
006318
សរុប :
5838118
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា