January 18, 2020
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ថា គ.អ.ឆ.ក អមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គអឆក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងសមាជិកគ.អ.ឆ.ក នាយទាហាន មន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីជំរុញពន្លឿនការងារស្ថាបនាផ្លូវទាំង ៣៤ ខ្សែនេះឱ្យឆាប់រួចរាល់ជាស្ថាពរតាមការគ្រោងទុក និងស្របតាមស្តង់ដាបច្ចេកទេសដែលអាចធានាបាននូវគុណភាពរឹងមាំសម្រាប់ប្រើប្រាស់បានយូរអង្វែង។ ក្នុងដំណើរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវទាំងនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់គណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាជាប្រធាន ដែលបានយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន តាំងពីពេលចាប់ផ្តើមបើកដំណើរការការដ្ឋានរហូតមកទល់ពេលនេះ ដោយផ្ដល់កិច្ចសហការល្អជាមួយកងវិស្វកម្មក្រសួងការពារជាតិ និងក្រុមហ៊ុនស្ថាបនាផ្លូវមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម ៖     . គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ ដែលបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។     . កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈ ស្របតាមប្លង់សុរិយោដី។     . សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត (detailed design) នៃខ្សែផ្លូវនីមួយៗ ដែលសិក្សាដោយ គអឆក អនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖     ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មីលីម៉ែត្រ ក្រាលកៅស៊ូបេទីម (Asphalt Concrete) កម្រាស់ ៧០មីលីម៉ែត្រ។ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មីលីម៉ែត្រ     ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង (Concrete Slab)និងផ្លូវជិះកង់ទទឹង ១,៥០ ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មីលីម៉ែត្រ និងមានដាំស្មៅ និងដើមឈើ ជាផ្ទៃជ្រាបទឹក     ដាំដើមតែនៅតាមផ្លូវដែលមានសួន កណ្តាលចែកផ្លូវ     បង្កប់លូទឹកភ្លៀងមុខកាត់ ១ ម៉ែត្រ និងលូ ទឹកកខ្វក់មុខកាត់ ១ ម៉ែត្រ តាមបណ្តាយសងខាងផ្លូវ     មានបង្គោលភ្លើង ប្រើ ថាមពលព្រះអាទិត្យ     មាន គំនូស និង ផ្លាក សញ្ញាចរាចរណ៍ តាមបទដ្ឋានបច្ចេកទេស ។ គួរបញ្ជាក់ថាផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយ គអឆក ដោយចាប់តាំងពីពេលសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះគឺសម្រេចការស្ថាបនាបាន ៣០ភាគរយ ហើយ៕

























សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000725
ម្សិលមិញ :
002019
សរុប :
6340827
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា