February 22, 2020
នៅវត្តអង្គនារាមហៅវត្តស្រែសៀម ស្ថិតនៅក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានរៀបចំពីធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា មហាកុដិ របង ក្លោងទ្វារ សាលាបុណ្យ សាបបេតុងនិ ងសមិទ្ធផលនានាក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។ តាមរបាយការណ៍របស់ លោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថាវត្តអង្គណានារាមហៅវត្តស្រែសៀមនេះ ជាវត្តមួយក្នុងចំណោមវត្តទាំង ៦៤ ក្នុងស្រុកត្បូងឃ្មុំដែលមានអាយុកាល ៨៩ឆ្នាំមកហើយ រហូតមកទល់បច្ចុប្បន្ន និងបានឆ្លងកាត់ការគ្រប់គ្រងពីព្រះគ្រូចៅអធិការចំនួន២១អង្គរួចមកហើយ។ វត្តនេះក៏មិនខុសពីវត្តដទៃទៀតនៅទូទាំងប្រទេសដែរ គឺបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញទីអារាមនេះស្ទើរគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានកសាង និងស្តារឡើងវិញក្នុងនោះដែរ ទីអារាមវត្តអង្គនារាមហៅវត្តស្រែសៀមក៏ដូចជាទីអារាមនានានៅទូទាំងប្រទេស បានចាប់ផ្តើមជួសជុល និងកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ក្រោមការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សប្បុរសជន រួមជាមួយព្រះគ្រូចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។ ដោយឡែកឧបដ្ឋានសាលា តថ្មីបន្ថែម មហាកុដិ របង សាលាបុណ្យ ការិយាល័យឃោសនាបច្ច័យ ស្តូបតម្កល់ព្រះពុទ្ធរូបចំនួន២ រូបតំណាងព្រះវិស្នុ អាស្រមក្រពុំឈូក តរោងបាយ រូបសំណាក់តាបសសុមេធបណ្ឌិត កិណ្ណរ៧៧រូប សួនច្បារ សាបបេតុងនិងសមិទ្ធិផលនានាជាច្រើនទៀតក្នុងវត្តអង្គនារាមហៅវត្តស្រែសៀមដែលត្រូវសម្ពោធឆ្លងនាពេលនេះ បានចំណាយថវិកាក្នុងការសាងសង់អស់ ១៣០ ៤៣៣ ដុល្លារសហរដ្ឋអារមេរិក  ក្នុងនោះ លោក ជា ប៊ុនពៅ មេឃុំជីរោទិ៍ទី២ បានចូលរួមថវិកាសាងសង់អស់ ៣០ ០០០ដុល្លារ ហើយបច្ចុប្បន្ននៅជំពាក់ថ្លៃជាង និងសម្ភារសាងសង់សរុប ២០ ០០០ដុល្លារទៀត។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើនដ៏វិសេសវិសាល ដែលបានកកើតឡើងក្នុងវត្តអង្គនារាមហៅវត្តស្រែសៀម ក្រោមការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវការកសាងសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភ័ណ្ឌ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកសមិទ្ធផលទាំងឡាយ ដែលបានកកើតឡើងនាពេលនេះថាជាការរួមចំណែក ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា និងម្យ៉ាងទៀតក៏កើតមានឡើងដោយសារការតម្រង់ទិសគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានខិតខំធ្វើយ៉ាងណាឱ្យមានភាពសុខដុមនៅក្នុងសង្គមជាតិតាមរយៈការកំណត់ថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែក៏បានផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋក្នុងការជ្រើសរើសសាសនា ដែលខ្លួនមានជំនឿជឿជាក់ដោយគ្មានការបង្ខិតបង្ខំផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នប្រជាពលរដ្ឋមានភាពសប្បាយរីករាយសុខដុមរម្យនា គឺខុសពីជាង ៤០ឆ្នាំមុន ដែលប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច លំបាកវេទនា គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ភាពសុខដុមរបស់ប្រជាពលរដ្ឋលើគ្រប់ផ្នែក គ្រប់វិស័យ រួមទាំងវិស័យសាសនាផងនោះ អាចកើតឡើងបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងរកមកបានដោយលំបាក និងបន្តរក្សានូវសុខសន្តិភាពនេះ សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះហើយទើបសម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែបានលើកឡើងនូវពាក្យថាអរគុណសន្តិភាព និងចូលរួមអរគុណសន្តិភាពទាំងអស់គ្នាដោយធ្វើយ៉ាងណារួមគ្នាថែរក្សាសុខសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារបានរស់នៅជួបជុំគ្នាប្រកបដោយភាពសុខដុមរម្យនាបន្តរហូតដល់កូនចៅជំនាន់ក្រោយៗទៀត។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំយកថវិការបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តអង្គនារាមហៅវត្តស្រែសៀមនេះ ចំនួន ២០ ០០០ដុល្លារ ទុកសម្រាប់បង្រ្គប់ថ្លៃជាងសាងសង់និងលោកតា លោកយាយ ១០០នាក់ ម្នាក់ៗក្រណាត់ស១ដុំថវិកា ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ៧៨នាក់ និងគ្រូពេទ្យ ១៤នាក់ ម្នាក់ៗទទួលបានសារុង ១ ថវិកា ១ម៉ឺនរៀល និងសិស្សានុសិស្ស ៤៧៨នាក់ ម្នាក់ៗទទួលបានសម្ភារសិក្សា និងថវិកា ៥ពាន់រៀល និងឧបត្ថម្ភថវិកាជូនវិទ្យាល័យទួលវិហារចំនួន ២លានរៀល សាលាស្រុកត្បូងឃ្មុំ ១លានរៀល និងឧបត្ថម្ភថវិកាជូនសាលាឃុំជីរោទិ៍ទី២ ចំនួន៥០ម៉ឺនរៀល ផងដែរ៕















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001126
ម្សិលមិញ :
004488
សរុប :
6614244
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា