March 04, 2020
សមាគមអសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍អបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។ លោកឧកញ្ញា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថាបច្ចុប្បន្នសមាគមរបស់លោកមានសមាជិកសរុប ៥៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិ និងអន្តរជាតិព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។លោកឧកញ្ញាបានលើកឡើងថា សំណង់លំនៅឋាននៅតែជាតម្រូវការយ៉ាងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគម ត្រូវបន្តការខិតខំទៅមុខយូរអង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមមានទស្សនវិស័យមួយទៀត គឺលើកកម្ពស់ស្តង់ដារវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែខ្ពស់ដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅឋាន ឬបុរីប៉ុណ្ណោះទេ តែក៏ផ្តោតលើអគារខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗជាសំខាន់ព្រោះថាអគារខ្ពស់ៗទាំងនោះ គឺជាប៉ូលដ៏សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ជាមួយពាណិជ្ជកម្មអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ដោយឈរលើភាពរីកចម្រើននៃវិស័យអភិវឌ្ឍន៍លំនៅឋាន ឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគមបានរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យមិនថានៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្ត ដោយបានប្រែក្លាយដីឱ្យមានតំលៃពោរពេញទៅដោយសំណង់អគារទំនើប បុរីលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម  អគារការិយាល័យ ផ្សារទំនើប និងសំណង់បែបទំនើបៗមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹក និងមានប្រព័ន្ធអគ្គិសនី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានសមរម្យផ្តល់ឱ្យពួកគាត់មានការងារធ្វើ រួមចំណែកជួយដល់រាជរដ្ឋាភិបាលតាមរយៈការបង់ពន្ធ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កិត្តិយសកិត្យានុភាពជាតិកម្ពុជាចំពោះអន្តរជាតិផងដែរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអន្តរជាតិទទួលស្គាល់ថាកម្ពុជាមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនះ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីក្តីរីករាយដែលបានចូលរួមអបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់សមាគមអ្នកអភិវឌ្ឍលំនៅស្ថានកម្ពុជា និងបានចាត់ទុកថាសន្និបាតនេះ គឺជាសន្និបាតមួយដែលមានលក្ខណៈពិសេសស្របនឹងឱកាសដែលកំណើនសេដ្ឋកិច្ចជាតិ បានកើនឡើងក្នុងរង្វង់ ៧,១% ក្នុងមួយឆ្នាំ និងអាចនិយាយបានថាវិស័យអចលនវត្ថុជា វិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៩ នេះ ដោយក្នុងនោះយើងឃើញថាការវិនិយោគលើវិស័យនេះ ក្នុងព្រះរាជាណាចក្រកម្ពុជាមានរហូតដល់ ១ ១០០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ គឺមានតែ ៥ ៥០០លានដុល្លារ ប៉ុណ្ណោះ គឺមានការកើនឡើងរហូតដល់ ៩០%។ ការវិវត្តរីកចម្រើននៃវិស័យសំណង់ស្របនឹងឱកាសដែលសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួននេះក៏អាចនិយាយបានថានេះ គឺជាការផ្លាស់ប្តូរនូវបទពិសោធន៍កម្រិតជំនាញការយល់ដឹង និងគិតគូរអំពីគំនិតយោបល់សម្រាប់ជំរុញនូវការអភិវឌ្ឍ បើគ្មានការរៀបចំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនោះ វាមិនបានចងក្រងជាដុំឯកភាពគ្នាតែមួយហើយនេះក៏ជាផែនមួយសំរាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលកាលពីមុនយើងនៅដាច់ដោយឡែកពីគ្នាហើយទុនក៏នៅមានការខ្វះចន្លោះមិនទាន់គ្រប់គ្រាន់ ក្រោយពេលដែលយើងមានបទពិសោធន៍ និងរកបានដៃគូហើយនោះរហូតមកទល់ពេលនេះ យើងឃើញថាការវិវត្តន៍រីកចម្រើនមានកំណើនកាន់តែកើនឡើងថែមទៀត។ លទ្ធផលដែលទាំងអស់គ្នាបានកត់ត្រាទុកនាពេលបច្ចុប្បន្ននេះយើងឃើញថានៅទីណាក៏មានសំណង់លំនៅស្ថានល្អទំនើបខ្ពស់ៗរីឯបុរីលំនៅស្ថានមានរហូតដល់៣២០បុរីដែលកាលពីមុនមិនមានបុរីបែបនេះឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរដល់អ្នកអភិវឌ្ឍបុរីលំនៅឋានដែលបានកែច្នៃបុរីនីមួយៗឱ្យមានសោភណ្ឌភាព និងរឹងមាំ ដែលអាចចូលរួមលើកកម្ពស់បរិស្ថាន ដោយបានរួមចំណែកបង្កើតផ្ទៃបៃតងសំដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ នៅក្នុងបុរីនីមួយៗយ៉ាងហោចណាស់ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្កប់ក្រោមដីប្រវែង ៥ ទៅ ៦ គីឡូម៉ែត្រ បើមិនមានការស្ថាបនាផ្លូវ លូ ឬភ្លើង​បំភ្លឺនោះទេ គឺមិនអាចងាយស្រួលលក់ដូរសម្រួលដល់ការរស់នៅរបស់អតិថិជនឡើយ ដូច្នេះយើងទទួលស្គាល់ និងឱ្យតំលៃថានេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍទីក្រុង និងទីប្រជុំជន ដោយឯកឯងហើយវិស័យឯកជន គឺបានរួមចំណែកជាមួយនឹងរដ្ឋ។ ម្យ៉ាងទៀតចំពោះបញ្ហាសន្តិសុខ គឺយើងបានទទួលស្គាល់ថាទីណាដែលមានបុរី គឺចាត់ទុកថាជាភូមិមួយ ជាបណ្តុំនៃសហគមន៍មួយដែលប្រជាពលរដ្ឋមានទុន ដើម្បីទិញលំនៅឋាន ក្នុងបុរីដែលមានសន្តិសុខប្រចាំការ មានអ្នករៀបចំជួសជុលក្នុងការឆ្លើយតបជាមួយនឹងអតិថិជនរបស់ខ្លួន ហើយសន្តិសុខនៅទីនោះ ត្រូវបានធានា ដែលនេះក៏អាចនិយាយបានថាជាការរួមចំណែកនៅក្នុងការអភិវឌ្ឍភូមិ ឃុំ មានសុវត្ថិភាព កាត់បន្ថយបាននូវក្តីកង្វល់ ឬការភ័យខ្លាចរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងបុរីនោះ។ ក្រៅពីនេះក៏យើងវាយតំលៃខ្ពស់ថាដោយសារការអភិវឌ្ឍបែបនេះហើយទើបយុវជនមានការងារធ្វើ បន្ថែមពីនេះចំពោះការអភិវឌ្ឍលំនៅឋានរបស់ម្ចាស់បុរី ហាក់ដូចជាបានជួយរកការងារធ្វើឱ្យវិស្វករស្ថាបត្យករ អ្នកសិក្សាគម្រោងប្លង់ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាក្រោមការដឹកនាំ និងចង្អុរបង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រ និងបើកទូលាយដល់វិស័យឯកជន ដែលជាគំនាស់សេដ្ឋកិច្ចបន្ថែមទៀត ដែលការផ្តល់ការគាំទ្រដល់វិស័យឯកជននេះ រាជរដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍មកវិញតាមរយៈការបង់ពន្ធ ការលក់ដូរអចលនទ្រព្យ ជាដើម។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរដល់សហគ្រិនវ័យក្មេង ដែលមានសេចក្តីក្លាហាន និងកិត្តិយសចំពោះការប្រកាសពន្ធ ដោយត្រឹមត្រូវប្រកបដោយឆន្ទៈ និងមានមោទនភាព​ហើយរីករាយក្នុងការរួមចំណែក ដោយមិនមានការលួចលាក់ពន្ធ ដែលសហគ្រិនវ័យក្មេងជំនាន់ថ្មីទាំងនេះ ជាធនធានមនុស្សក្រោមការបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាល ដែលពួកគាត់មានសីលធម៌ខ្ពស់ និងវិជ្ជាជីវៈពិតប្រាកដ៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002140
ម្សិលមិញ :
003107
សរុប :
6618365
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា