March 03, 2020
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ  និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថាអង្គសន្និបាតបានវាយតម្លៃអំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំសម្រេចបាន ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បញ្ហាប្រឈម ដែលនៅសេសសល់ និងកាលានុវត្តភាពដើ ម្បីលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដែលជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តនេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការទប់ស្កាត់ប្រកបដោយជោគជ័យនូវគម្រោងផែនការធ្វើរដ្ឋប្រហារប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ផ្លាស់ប្ដូររបបនៅកម្ពុជាក្រោមឧបាយកល នៃផែនការវិលត្រឡប់របស់ឧទ្ទាមក្រៅច្បាប់មួយក្តាប់តូចកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ហើយបន្តរក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយស្ថិរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជានៅតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧,១% ។ ជាមួយនឹងការប្រមូលចំណូលថវិកាជាតិកើនឡើងលើសគម្រោងផែនការប្រមាណ ១ ៦០០ លានដុល្លារសហរដ្ឋអាមេរិកហើយអត្រានៃភាពក្រីក្របានស្ថិតនៅអត្រាទាបជាង ១០% ។ ការកែទម្រង់នានាត្រូវបានជំរុញអនុវត្តយ៉ាងសកម្មស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ សក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ លើមូលដ្ឋាននៃសមិទ្ធផលទាំងនេះ បញ្ហាប្រឈមដែលនៅសេសសល់ និងដោយផ្អែកលើទិសដៅការងារឆ្នាំ២០២០ ទាំងកិច្ចការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍខេត្ត និងកិច្ចការរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំនូវកិច្ចការសំខាន់ៗដែលត្រូវរួមគ្នាខិតខំសម្រេចឱ្យបានក្នុងឆ្នាំ២០២០ ដូចជា ១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវគុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាពនយោបាយ ការពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងភាពសុខដុមរមនាក្នុងសង្គម។ លើមូលដ្ឋាននេះ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន និងដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់រាល់សកម្មភាព ដែលប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចលវឹកវរដល់សង្គម តាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តន៍ពណ៌។ ទន្ទឹមនេះត្រូវរួមគ្នាបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុជអាលប៉ុនប៉ងបង្កឱ្យមានអំពើហឹង្សា ភាពចលាចលវឹកវរអសន្តិសុខក្នុងសង្គម ដោយត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងខិតខំបំផុសអប់រំប្រជាពលរដ្ឋឱ្យខិតខំគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ និងប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ជាមួយនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដោះស្រាយជម្លោះ និងការទាមទារ ការតវ៉ានានាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាង ដាច់ខាតនូវអំពើហឹង្សាតាមគ្រប់រូបភាព។ ២.អំពីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៖ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗដូចជា បន្តជំរុញបំផុសចលនាមហាជន ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជាសកម្មភាពលួចឆក់ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ របស់នគរបាលក្រុង ស្រុក ឃុំ សង្កាត់ និងលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងអាជ្ញាធរ កងកម្លាំងនគរបាល និងកងកម្លាំងមានសមត្ថកិច្ចនានា ជាមួយប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមនានា ព្រមទាំងការចុះជួយដោះស្រាយការលំបាកនានារបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា និងនៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាពពិសេសជនក្រីក្រ និងជនរងគ្រោះ សំដៅជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមចលនា គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុងស្រុក ត្រូវពង្រឹងរបៀបរបបការងារការប្រជុំ ការដឹកនាំសម្របសម្រួល កម្លាំងមានសមត្ថកិច្ចនានា ក្នុងការតាមដាន និងវាយតម្លៃសភាពការណ៍ សន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរៀបចំផែនការសកម្មភាព និងវិធានការនានា សំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គម នៅគ្រប់មូលដ្ឋានទូទាំងខេត្តត្បូងឃ្មុំប្រកបដោយប្រសិទ្ធភាព ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មព្រម​ៗ​គ្នា​ទាំងនៅក្នុងទីក្រុង និងជនបទ ដោយប្រឹងប្រែងជំរុញការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសស្រទាប់យុវជនឱ្យជៀសវាងឆ្ងាយពីគ្រឿងញៀន ត្រូវបន្តជំរុញអនុវត្តវិធានការបោសសំអាតការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមទីតាំងសប្បាយស្ថាននានា និងបន្តរុករកទីតាំងលួចលាក់ ជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងនានាតាមលំនៅឋានសំដៅបោសសំអាតនូវសកម្មភាពគ្រឿងញៀនខុសច្បាប់តាមមូលដ្ឋាននីមួយៗ។ មន្រ្តី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ មិនត្រូវមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនខុសច្បាប់ជាដាច់ខាត ហើយប្រធានអង្គភាព ឬស្ថាប័នត្រូវមានវិធានការវិន័យ និងវិធានការច្បាប់ចំពោះមន្រ្តី ឬកងកម្លាំងណាដែលប្រព្រឹត្តសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ឱ្យបានម៉ឺងម៉ាត់ជាដាច់ខាត។ ឆ្នាំ២០១៩ កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ធ្វើឱ្យចំនួនមនុស្សស្លាប់ និងរងរបួសមានការកើនឡើងយ៉ាងគំហុកប៉ះពាល់ដល់អាយុ ជីវិតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាជនជាច្រើន ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសកំណត់យកឆ្នាំ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ហេតុនេះកងកម្លាំងនគរបាលចរាចរណ៍ ត្រូវធ្វើការបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង ដោយមិនត្រូវមានការយោគយល់ និងលើកលែងនោះឡើយ ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់កងកម្លាំងនគរបាលចរាចរណ៍ ដើរទន្ទឹមនឹងការពង្រឹងការគោរពវិន័យក្រមសីលធម៌វិជ្ជាជីវៈ បង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក។  ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក  អាជ្ញាធរខេត្តត្រូវដឹកនាំមន្ទីរអង្គភាពជំនាញ ពិនិត្យ និងរៀបចំភ្លើងសញ្ញាចរាចរណ៍ ការរៀបចំដាក់តាំងស្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈនានា ឱ្យមានសណ្តាប់ធ្នាប់ដោយត្រូវផ្តល់អាទិភាព ជាចំបងដល់ការដាក់តាំងស្លាកសញ្ញាចរាចរណ៍ និងខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈរៀបចំយានយន្ត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ត្រូវពង្រឹងការគ្រប់គ្រង និងចុះបញ្ជីជនបរទេស ដែលមកស្នាក់នៅធ្វើការងារ និងទេសចរណ៍ក្នុងភូមិសាស្រ្តរបស់ខ្លួន និងត្រូវចាត់វិធានការលើជនបរទេសណាដែលស្នាក់នៅខុសច្បាប់ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ត្រូវការពារធនធានធម្មជាតិ និងទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំលើកកម្ពស់វិធានការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ និងត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំ បំផុសលើកទឹកចិត្តឱ្យសហគមន៍នៅមូលដ្ឋានចូលរួមការពារធនធានធម្មជាតិដីធ្លី និងទ្រព្យសម្បត្តិសាធារណៈ។ ៣.អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទេសចរណ៍៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវជំរុញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋ កិច្ចការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យ ដ៏មានសក្តានុពលរបស់ខេត្ត ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះក៏នៅមានវិធានការអភិវឌ្ឍទីក្រុង រួមនឹងវិធានការទាក់ទងនឹងវិស័យជាច្រើនទៀត ដើម្បីជាទិសដៅចង្អុរបង្ហាញឱ្យរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅឱ្យខេត្តនេះកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងឆ្នាំ២០២០នេះ និងបំរើនូវសេចក្តីត្រូវការ និងផលប្រយោជន៍នានា ជូនប្រជាពលរដ្ឋឱ្យបានពេញចិត្តពេញថ្លើមផងដែរ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001196
ម្សិលមិញ :
004488
សរុប :
6614314
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា