March 05, 2020
នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ១៩១០ - ២០២០ ក្រោមប្រធានបទ"មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ" ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបុគ្គលិកជាស្រ្តីមកពីមន្ទីរ ការិយាល័យ ក្រោមឱវាទក្រសួង ទាំង ២៥ រាជធានី ខេត្ត សរុប ៦៨០នាក់។     ក្នុងឱកាសនោះ ឯកឧត្ដមជា សុ ផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកមន្រ្តី បុគ្គលិកជាស្រ្តីក្រោមឱវាទក្រសួងថា បានរួមចំណែកយ៉ាងធំធេង និងមានប្រសិទ្ធភាពបំផុតក្នុងការបំពេញការងារសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាបានចូលរួមប្រកបដោយជោគជ័យក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ប្រធានបទក្នុងខួបលើកទី១០៩ ទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០២០នេះគឺ  "មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ"។ សមភាពយេនឌ័រក្រោមដំបូលសន្តិភាពនេះ ក៏ចាត់ទុកថាជាប្រធានបទមួយថ្មីទៀត ដែលបានជំរុញ និងលើកទឹកចិត្តក៏ដូចជាការឱ្យតម្លៃខ្ពស់សម្រាប់សន្តិភាពនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បើគ្មានសុខសន្តិភាពទេនោះ យើងក៏មិនអាចមានសមភាពយេនឌ័រ ហើយក៏គ្មានលទ្ធភាពនិយាយអំពីសិទ្ធិសេរីភាព ឬលទ្ធិប្រជាធិបតេយ្យ ឬនិយាយអំពីការអត់ឃ្លាន ការភ័យខ្លាចអ្វីនោះដែរ ពីព្រោះគ្មានសន្តិភាព គឺស្មើនឹងសូន្យ។ ដោយសារប្រវត្តិសាស្រ្តបានបង្ហាញឱ្យយើងឃើញច្បាស់ថានៅពេលដែលប្រទេសយើងបាត់បង់សន្តិភាពនោះ គឺយើងបាត់បង់អ្វីៗគ្រប់យ៉ាងទាំងស្រុង ដែលធ្វើឱ្យប្រទេសជាតិ និងប្រជាជនជួបគ្រោះមហន្តរាយរងទុក្ខវេទនាដោយប្រការផ្សេងៗ ពីដំណាក់កាលមួយទៅដំណាក់កាលមួយកាន់តែមានភាពធ្ងន់ធ្ងរ និងវិនាសអន្តរាយ។ អ្វីដែលយើងកសាងបានមកវិញនាពេលនេះ គឺបានមកដោយសារការលះបង់បូជាប្តូរសាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់យុទ្ធជន យុទ្ធនារី នៅគ្រប់ទិសទីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលថាសន្តិភាពដែលកសាងបានមកនេះ គឺយកជីវិតជាដើមទុន ដោយសារតែមិនមានជម្រើស គឺមានតែអាយុជីវិតសម្រាប់ប្តូរផ្តាច់ ដើម្បីសង្រ្គោះឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសបានរស់រានមានជីវិតឡើងវិញ ដូច្នេះហើយទើបសម្តេចតេជោបានដាក់ទិសដៅក្នុងការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ ហើយក៏ដាក់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍ ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងន័យនេះទើបសម្តេចតេជោបានណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យរួមគ្នាថែរក្សានូវសុខសន្តិភាព ដែលយើងរកមកបានដោយលំបាកនេះ កុំឱ្យបាត់បង់ ពីព្រោះថាបើមានសន្តិភាពហើយនោះ គឺយើងនឹងមានអ្វីៗគ្រប់បែបយ៉ាងទាំងអស់។ ការប្រារព្ធខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា នាពេលនេះក៏ជាការឱ្យតំលៃជាសច្ចធម៌នៅក្នុងប្រវត្តិសាស្រ្តថានៅពេលដែលយើងទទួលបានសន្តិភាពនេះ គឺយើងមានឱកាសគ្រប់គ្រាន់។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើដល់សមាជិកទាំងអស់ក្នុងអង្គពិធីឱ្យចងចាំ និងរំលឹកថានៅពេលដែលយើងទទួលបានសន្តិភាពនេះហើយព ត្រូវខិតខំរួមគ្នាថែរក្សាកុំឱ្យបាត់បង់ និងកុំឱ្យបំភ្លេចនូវគុណូបការៈ ដ៏ធំធេងដែលយុទ្ធជនយុទ្ធនារីបានពលីជីវិត ដើម្បីប្តូរយកសុខសន្តិភាពនេះ ម្យ៉ាងទៀតទាក់ទិននឹងការប្រែប្រួលអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជាមានការបាត់បង់មួយផ្នែកស្មើនឹង ២០% ប៉ុណ្ណោះ ហើយបញ្ហាទីផ្សារគឺនៅដដែល ដែលបញ្ហានេះវាមិនពាក់ព័ន្ធនឹងការព្យួរឬផ្អាកដំណើរការរបស់រោងចក្រមួយចំនួននោះទេ ពីព្រោះការផ្អាកដំណើរការរបស់រោងចក្រមួយចំនួននោះ គឺកើតមានឡើងស្របពេលដែលប្រទេសចិនបានផ្ទុះឡើងនូវវីរុសប្រភេទថ្មី ខូវីដ ១៩ (covid-19) ដែលទីផ្សារប្រទេសចិន គឺជាកន្លែងលក់វត្ថុធាតុដើមផ្គត់ផ្គង់ដល់រោងចក្រ គឺមិនអាចផ្គត់ផ្គង់បាន ហើយសកម្មភាពរបស់អ្នកវិនិយោគិនចិនចូលមកក្នុងប្រទេសកម្ពុជាក៏ត្រូវបានផ្អាក ដែលនាំឱ្យរោងចក្រមួយចំនួនក្នុងប្រទេសត្រូវបានផ្អាកដំណើរការមួយរយះសិន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការអនុវត្តសេវាសាធារណៈ ដែលជាទិសដៅដ៏សំខាន់របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋទូទាំងប្រទេសបានប្រគល់ជោគវាសនាមកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រគល់អំណាចនេះមកឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះបានប្រគល់នូវភារកិច្ចសំខាន់ៗមួយចំនួនដូចជាការចុះបញ្ជីដីធ្លី ដែលនេះជាគោលដៅចំបង សម្រាប់ផ្តល់ទុនជូនដល់ប្រជាពលរដ្ឋឱ្យមានបណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា។ ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តី បុគ្គលិកជានារី ទាំងអស់ដែលបានរួមចំណែកក្នុងការផ្តល់សេវាចុះបញ្ជីដីធ្លី យ៉ាងល្អប្រសើរហើយបានបំពេញបន្ថែមក្នុងការចុះបញ្ជីដីធ្លី ដែលរហូតមកទល់ពេលនេះសម្រេចបាន ៨០%ស្មើនឹង ៥ លាន ៦ សែនក្បាលដីហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសំណូមពរដល់មន្រ្តីបុគ្គលិកជានារីទាំងអស់ឱ្យធ្វើយ៉ាងណាក្លាយជាស្នូលក្នុងការអនុវត្តនូវទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងត្រូវយល់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលការទុកចិត្តពីរាជរដ្ឋាភិបាល ហើយទាំងអស់គ្នាបានរួមចំណែកយ៉ាងធំធេងក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ក្រោមឱវាទក្រសួងបានយ៉ាងល្អប្រសើរដែលនេះចាត់ទុកថាជាតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវ ថារាល់ពិធីនីមួយៗ គឺត្រូវតែមានវត្តមាននារីគ្រប់លំដាប់ថ្នាក់ចូលរួមទោះបីជាមន្រ្តីបុគ្គលិកជានារីនោះ មានក្របខណ្ឌ ឬឥតក្របខណ្ឌ ឬជាមន្រ្តីជាប់កិច្ចសន្យាយ៉ាងណាក្តី៕














សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002197
ម្សិលមិញ :
003107
សរុប :
6618422
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា