March 07, 2020
នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០ នៅភ្នំបូកគោ ខេត្តកំពត ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋាន "កំណប់ឋានសួគ៌" របស់ក្រុមហ៊ុន សុខា អូតែល ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ។ ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថាការបើកការដ្ឋានសាងសង់នូវគម្រោងអភិវឌ្ឍលំនៅឋានលើភ្នំបូកគោរបស់ក្រុមហ៊ុនសុខាអូតែលនាពេលនេះ គឺពិតជាជម្រើសមួយដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យសេដ្ឋកិច្ចវែងឆ្ងាយ សម្រាប់ភាពជោគជ័យនៃមុខរបរ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម​ បានគាំទ្រ និងសង្ឃឹមថាគម្រោងអភិវឌ្ឍលំនៅឋានលើភ្នំបូកគោនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ដែលនឹងផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពតទទួលបានការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ដោយសារកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខេត្តកំពត ដែលចាំបាច់តម្រូវឱ្យមានសេវាកម្មឆ្លើយតបសមស្រប ពិសេសការបង្កើននូវសេវាកម្មស្នាក់នៅកំរិតខ្ពស់ សេវាម្ហូបអាហារ និងទីផ្សារមានស្តង់ដារ សមស្របបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ ឯកឧត្តមបានបង្ហាញពីការស្វាគមន៍ និងគាំទ្រអ្នកវិនិយោគនានា ឱ្យបន្តចូលរួមបោះទុនវិនិយោគលើទឹកដីខេត្តកំពត ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។ ជាមួយនឹងការបើកការដ្ឋានសាងសង់លំនៅឋានលើភ្នំបូកគោរបស់ក្រុមហ៊ុនសុខាអូតែលនាពេលនេះ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើដល់ក្រុមហ៊ុន ជាពិសេសក្រុមជាងបច្ចេកទេសត្រូវអនុវត្តតាមបទដ្ឋានតាមការសាងសង់ សំដៅធានាបាននូវគុណភាពសំណង់ឱ្យបានរឹងមាំអនុវត្តស្របតាមលក្ខខណ្ឌ និងពេលវេលាសាងសង់ ជាពិសេសត្រូវគោរពតាមលិខិតបទដ្ឋានជាធរមាន និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។   ក្នុងពេលបើកការដ្ឋានសាងសង់នេះដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានកំណប់ឋានសួគ៌ លើភ្នំបូកគោនាពេលនេះ ថាជាផ្នែកមួយនៃគម្រោងអភិវឌ្ឍក្រុងបូកគោ ដែលមានទីតាំងនៅក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដែលទីតាំងខេត្តទាំង ៣ នេះ មានការផ្សារភ្ជាប់ជាមួយនឹងតំបន់នោះ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថាគម្រោងអភិវឌ្ឍលំនៅឋាន កំណប់ឋានសួគ៌ ជាគម្រោងដ៏ធំហើយវត្តមានអ្នកដែលបានចូលរួមនាពេលនេះ គឺសុទ្ធតែជាអ្នកមានបទពិសោធន៍មានសក្តានុពល និងស្នាដៃប្រកបដោយជោគជ័យ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយក៏ទទួលបាននូវការគាំទ្រពីអតិថិជន ក៏ដូចជាការលើកកម្ពស់នូវសុវត្ថិភាព នៃសំណង់ និងសោភ័ណភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គម្រោងអភិវឌ្ឍលំនៅឋានកំណប់ឋានសួគ៌នេះចែកចេញជា ៤ គម្រោងធំៗ គឺគម្រោងទី១ បុរីមរកតឋានសួគ៌ ដែលគម្រោងនេះមានលំនៅឋាន ១ ៣៩១ ខ្នង គម្រោងងទី២ បុរីអម្រឹតឋានសួគ៌ ដែលមានលំនៅឋាន ៤ ២៤០ ល្វែង គម្រោងទី៣ crown real estateដែលមានលំនៅស្ថាន ៥ ៥៨៥ ខ្នង និងគម្រោងងទី គឺបុរី mount see view ដែលមានលំនៅស្ថាន ៦៣៧ខ្នង។ គម្រោងនេះនឹងធ្វើជាជំហានៗទៅតាមដំណាក់កាល ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធ្វើចលនាពីសប្បុរសជនទាំងអស់ ដើម្បីឱ្យមានការគាំទ្រនៅក្នុងរមណីយដ្ឋានភ្នំបូកគោនេះផងដែរ។ ចំពោះគម្រោងនេះ គឺទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឱ្យគម្រោងនេះក្លាយជាគម្រោងមួយដែលអាចរួមចំណែកបន្ថែមទៀត ហើយម្យ៉ាងទៀតក៏ចង់ស្តាររមណីយដ្ឋានដ៏កម្រជារមណីយដ្ឋាន ដែលមានអាកាសធាតុត្រជាក់គ្រប់រដូវកាល ដែលមិនមានចម្ងាយឆ្ងាយប៉ុន្មាន ពីរាជធានីភ្នំពេញ ដែលថ្ងៃខាងមុខហេដ្ឋារចនាសម្ព័ន្ធនឹងមានការតភ្ជាប់ធ្វើឱ្យមានលក្ខណៈងាយស្រួល ហើយទីតាំងភ្នំបូកគោនេះមានកម្ពស់ ១ ០៧៥ ម៉ែត្រពីផ្ទៃបាតសមុទ្រ ដែលមានន័យថាទីតាំងនេះមានលក្ខណៈភូមិសាស្រ្តល្អ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការអភិវឌ្ឍគ្រប់យ៉ាង ដែលអាចកើតឡើងបាននាពេលនេះ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានខិតខំរកមកបានដោយលំបាក ដូច្នេះហើយទាំងអស់គ្នាគប្បីរួមគ្នាថែរក្សានូវសុខសន្តិភាពនេះកុំឱ្យបាត់បង់ និងត្រូវរួមគ្នាការពារកុំឱ្យរបបប្រល័យពូជសាសន៍​ដែលធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងនូវការបំផ្លិចបំផ្លាញ ទុក្ខវេទនាមានតែឈាម និងទឹកភ្នែក និងភាពភ័យខ្លាចនោះវិលត្រលប់មកវិញជាដាច់ខាត។ សុខសន្តិភាព និងស្ថិរភាពនយោបាយនេះ គឺមានលក្ខណៈអំណោយផលណាស់សម្រាប់យើងទាំងអស់គ្នាបន្តដល់កូនចៅជំនាន់ក្រោយ។ ដូច្នេះ ដើម្បីភាពសុខដុមរមនា និងការអភិវឌ្ឍ ទាំងអស់គ្នាគួរតែដើរតាម និងគាំទ្រដល់ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001465
ម្សិលមិញ :
003606
សរុប :
6425415
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា