May 17, 2020
 នាព្រឹកអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក.) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គអឆក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គអឆក. ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំអន្តរក្រសួង និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន៣៤ខ្សែ  នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាហៅកាត់ថា គអឆក. បានប្រគល់ភារកិច្ចជូនកងវិស្វកម្មលេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យលេខ១០០ ចំនួន ៤កំណាត់ ប្រវែងសរុប ៥៣៦៥ម៉ែត្រ ដែលមានទទឹងផ្លូវ ៤០ម៉ែត្រ ក្នុងកំណាត់ទី១  ៥០ម៉ែត្រ ក្នុងកំណាត់ទី២ និង២៦ម៉ែត្រ ក្នុងកំណាត់ទី៣ និងទី៤ បានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩មកម្ល៉េះ។ ជាមួយនេះ គអឆក. បានប្រគល់ភារកិច្ចជូនកងវិស្វកម្មស្ថាបនាផ្លូវក្រុងចំនួន ៨ខ្សែថែមទៀតរួមមានផ្លូវលេខ ៨២១ លេខ៨២៣ លេខ៨២៧ លេខ២០៩ លេខ៨១៤ លេខ១០៣ លេខ ១៤៣ និងលេខ១០៨៣ សរុបប្រវែង ៨៦៩០ ម៉ែត្រ។  គអឆក. ដែលមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា ជាប្រធាន បានយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចនេះជូន។ ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានប្រវែងផ្លូវសរុប ៨២,១៤៥ គីឡូម៉ែត្រដែលបានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះមានរយៈពេល ៦ខែដោយសម្រេចបានលទ្ធផល៖ ១.ការងារដាក់លូ - ការអនុវត្តការងារដាក់លូបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមករាឆ្នាំ ២០២០ គិតមកទល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ មានរយៈពេល ១៣៤ថ្ងៃ សម្រេចបានចំនួន៩១,៥៦ភាគរយ នៃការងារជាក់ស្តែងលឿនជាងផែនការចំនួន ០,៥៤ភាគរយ និងអាចបញ្ចប់ក្នុងរយៈពេល១១ថ្ងៃខាងមុខ គឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ ២.ការងារចាក់បេតុង- ការងារចាក់បេតុងការអនុវត្តការងារចាក់បេតុងបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ គិតមកទល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០មានរយៈពេល១១៦ថ្ងៃ សម្រេចបានចំនួន ៨៦,៤៤ភាគរយ នៃការងារជាក់ស្តែងលឿនជាងផែនការចំនួន៨,១៣ភាគរយ និងអាចបញ្ចប់ក្នុងរយៈពេល ១៥ថ្ងៃខាងមុខ គឺថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ ជារួមការវាយតម្លៃសរុបការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវសម្រេចបានប្រមាណ ៩០,៦០ភាគរយ លឿនជាងផែនការប្រមាណ ៤,៥ភាគរយ ដោយមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បង្គោលភ្លើង ការរៀបកម្រាលថ្មក្រានីតនោះទេ។ ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ គអឆក. ដែលមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាប្រធានបានយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនតាំងពីពេលចាប់ផ្តើម​បើកដំណើរការការដ្ឋានរហូតមកទល់ពេលនេះ ដោយផ្តល់កិច្ចសហការល្អជាមួយកងវិស្វកម្មក្រសួងការពារជាតិ និងក្រុមហ៊ុនស្ថាបនាផ្លូវមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើបឱ្យមានសោភណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចផងដែរ៕











       
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002141
ម្សិលមិញ :
003107
សរុប :
6618366
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា