July 14, 2020
នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤  ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុនទាំង ២៤រូប ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីការចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២៤ រូប ដែលទទួលបានអាហារូបករណ៍រយៈពេល ២ ឆ្នាំ ទៅសិក្សាបន្តនៅប្រទេសជប៉ុនដែលនេះជាឱកាសដ៏ល្អអាចបំពេញបន្ថែមនូវជំនាញ និងចំណេះដឹង។ ក្នុងឱកាសដ៏កម្រនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើដល់និស្សិតជ័យលាភីទាំង ២៤ នាក់ ឱ្យខិតខំប្រឹងប្រែង ដើម្បីចាប់យកឱកាសថ្មីៗថែមទៀតដែលចាត់ទុកថាជាលក្ខខណ្ឌរស់នៅរបស់បុគ្គលផ្ទាល់ខ្លួន ដែលជាផលប្រយោជន៍របស់ខ្លួនឯង គ្រួសារនិងសង្គមជាតិផងដែរ។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា រហូតមកដល់ពេលនេះ ការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបាននាំមកនូវជោគជ័យគ្រប់ពេលវេលាគ្រប់កាលៈទេសៈ សម្រាប់ជាតិនិងប្រជាជន។ កិច្ចការធំៗជាចំបងដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តនោះ គឺការថែរក្សាសន្តិភាពសម្រាប់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព និងមានឱកាសគ្រប់បែបយ៉ាង ក្នុងការបំពេញការងារស្របតាមសមត្ថភាពរបស់ខ្លួន ដែលនេះជាលក្ខខណ្ឌចំបងដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងគោលនយោបាយ។ កម្ពុជាធ្លាប់បានទទួលរងនូវសង្រ្គាម ភាពជូរចត់​ និងទឹកភ្នែកកាលពីអតីតកាលពីមួយដំណាក់កាលទៅដំណាក់កាល ជាបទពិសោធន៍ដ៏ជូរចត់ ដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើដល់និស្សិតទាំងអស់ឱ្យរួមគ្នាថែរក្សាសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលរកមកបានដោយលំបាកនេះកុំឱ្យបាត់បង់។ បើគ្មានការបង្រួបបង្រួមជាតិ ឯកភាពជាតិនោះទេនឹងគ្មានការអភិវឌ្ឍរីកចំម្រើនដូចសព្វថ្ងៃនេះទេ។ រយៈពេល ៤១ឆ្នាំកន្លងមកនេះ កម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងពេញលេញក្រោមគោលនយោបាយដឹកនាំដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល និងបានលើកស្ទួយកិត្តិយសជាតិឱ្យស្មើមុខស្មើមាត់នឹងប្រទេសដទៃព្រមទាំងបានគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំដល់់និស្សិតជ័យលាភីទាំងអស់ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនត្រូវខិតខំយកចិត្តទកដាក់សិក្សារៀនសូត្រឱ្យបានចប់ចុងចប់ដើមកុំធ្វេសប្រហែស ដើម្បីទទួលបានចំណេះជំនាញពិតប្រាកដសម្រាប់យកមកអភិវឌ្ឍសមត្ថភាពខ្លួនឯង ចូលរួមលើកស្ទួយកិត្តិយសជាតិនិងរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀតត្រូវអនុវត្តវិធានការអនាម័យឱ្យបានជាប់ជាប្រចាំដោយការពាក់ម៉ាសនិងប្រើប្រាស់អាល់កុល ឬជែលលាងសំអាតដៃដើម្បីថែទាំសុខភាពខ្លួនឯងឱ្យបានល្អចៀសផុតពីការឆ្លងវីរុសកូរ៉ូណាដែលកំពុងតែរាតត្បាតនៅក្នុងពិភពលោកផងដែរ។ ក្នុងឱកាសនោះ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានចំណាយពេលវេលាផ្តល់អនុសាសន៍ ពុទ្ធិ និងបទពិសោធន៍ល្អៗដើម្បីតម្រង់ទិសដល់និស្សិតជ័យលាភី មុនពេលទៅបន្តការសិក្សានៅប្រទេសជប៉ុន និងបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ឱ្យបានជោគជ័យនិងសន្យានាំយកចំណេះដឹងដែលទទួលបានទាំងអស់ មកចូលរួមអភិវឌ្ឍស្ថាប័ន និងសង្គមជាតិឱ្យមានភាពរីកចម្រើន៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003161
ម្សិលមិញ :
003679
សរុប :
8631250
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា