September 03, 2020
ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ តាន់ ម៉ាលី ព្រមទាំងក្រុមគ្រួសាររួម និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងពុទ្ធបរិស័ទជាច្រើនទៀត បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឱ្យ បានទៅកាន់សុគតិភពផងដែរ។ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្តនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ តាន់ ម៉ាលី ព្រមទាំងក្រុមគ្រួសាររួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា បច្ចុប្បន្ន ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គល រីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះទើបពួកគាត់អាចមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗ។ គួរបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១ រោចដល់ថ្ងៃ១៥ រោចខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០២០។ ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនីយមធ្វើតៗគ្នាតាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់ ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យ នៃវិបត្តិជំងឺដ៏កាចសាហាវនេះ៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002955
ម្សិលមិញ :
003679
សរុប :
8631044
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា