September 11, 2020
ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមកអោយបានស្ថិតស្ថិរគង់វង្ស ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩នៅវត្តចំនួន៣ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំគឺវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង វត្តបទុមមុនីរង្សី ហៅវត្តដូនម៉ៅ និងវត្តទេវពិទូរ្យកាន្តារាម ហៅវត្តទួលខ្លុង នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងសហការីព្រមទាំងពុទ្ធបរិស័ទទាំងអស់បានវេរប្រគេនចង្ហាន់ បច្ច័យ និងទេយ្យទានផ្សេងៗ ដល់ព្រះសង្ឃ និងបានធ្វើកិច្ចបែបសាសនាតាមទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គល ការរីកចំរើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន។ ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាដោយសារនេះជារដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ទើបឯកឧត្តមរួមនឹងសហការីបានចូលរួមកាន់បិណ្ឌវេនទី៩ នៅក្នុងបណ្ដាវត្តចំនួន៣ ក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំនេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរបុរសស្នេហាជាតិ ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឱ្យបានទទួលបានមគ្គផលរៀងៗខ្លួន និងរួចផុតពីទុក្ខលំបាកផ្សេងៗ តាមជំនឿបែបព្រះពុទ្ធសាសនា ដែលការធ្វើបុណ្យទានឧទ្ទិសកុសលនៅពេលនេះចាត់ទុកថាជាការដឹងនូវគុណូបការៈដ៏ថ្លៃថ្លារបស់ពួកគាត់ ដែលបានពលីជីវិត ដើម្បីជាតិ និងប្រជាជន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំទន្លេបិទ និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ដែលបានបន្តផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចមានគោលការណ៍គ្រឹះយ៉ាងរឹងមាំ ក្នុងការរក្សាសន្តិភាពស្ថិរភាពនយោបាយដោយនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជូនជាតិ និងប្រជាជន។ គួរបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិកជនប្រារព្ធឡើង ក្នុងគោលបំណងរៀបចំសង្ឃភត្តទំនុកបំរុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់ បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឱ្យបានទៅកាន់សុគតិភពផងដែរ៕








សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002094
ម្សិលមិញ :
002245
សរុប :
8346258
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា