September 25, 2020
នៅវិមានរដ្ឋសភា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩ នៃរដ្ឋសភា) កាលពីរៀសលថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ 2020 ក្នុងឱកាសនោះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំពិភាក្សាការងារនេះ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យការងារទទួលខុសត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។   ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងអំពីការងាររដ្ឋបាលដីធ្លី ដែលក្នុងនោះមានការស្វែងយល់ពីការអនុវត្តច្បាប់ភូមិបាលឆ្នាំ ២០០១ និងគម្រោងបង្កើតច្បាប់ភូមិបាលថ្មី ការស្វែងយល់អំពីផែនការចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដែលគ្រោងនឹងសម្រេចឱ្យបាន ៧ លានក្បាលដី នៅឆ្នាំ ២០២៣ ដោយក្នុងនោះ ផ្អែកលើលទ្ធផលសរុបពីពេលចាប់ផ្ដើមអនុវត្តមកដល់ខែសីហាឆ្នាំ ២០២០ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៨៦៦ ៣១៥ ប័ណ្ណថ្មើរហ្នឹង ៨៣,៨០ % នៃក្បាលដីប៉ាន់ស្មានពីដំបូងប្រមាណ ៧ លានក្បាលដី ដូច្នេះផ្អែកលើលទ្ធផលនេះអាចសន្និដ្ឋានថា នៅដំណាច់ឆ្នាំ ២០២៣ ក្រសួងអាចសម្រេចការចុះបញ្ជីដីបាន ៧ លានក្បាលដី តាមផែនការ ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីការស្វែងយល់ពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០១០ ការស្វែងយល់អំពីការអនុវត្តបទបញ្ជារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកាត់ឆ្វៀល និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ ដល់ពលរដ្ឋដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ក្នុងនោះមាននៅខេត្តមណ្ឌលគិរី រតនគីរី និងខេត្តកោះកុង ការស្វែងយល់ពីគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ករណីដីមួយកន្លែងដើម្បីកសាងបណ្ណសម្គាល់សិទ្ធិ ការបង់ពន្ធដីធ្លី បានបង់តាមទំហំជាក់ស្តែង ដែលមន្ត្រីសុរិយោដីបានវាស់វែងរួច ប៉ុន្តែនៅពេលទទួលបានបណ្ណសម្គាល់សិទ្ធិ ស្រាប់តែបាត់ដីមួយចំនួន ដែលមានការពន្យល់ថាទុកជាប្រយោជន៍សាធារណៈ ក៏ប៉ុន្តែប្រាក់ពន្ធដែលបានបង់ក៏មិនឃើញបង្វិលឱ្យវិញ ស្វែងយល់អំពីនីតិវិធីនៃការប្ដូរបណ្ណកម្មសិទ្ធិចាស់ទៅប័ណ្ណកម្មសិទ្ធិថ្មីដែលមាន QR code ស្វែងយល់អំពីតំបន់ព្រំដែន ជាប់ជាមួយប្រទេសជិតខាង ដែលមានបោះបង្គោលព្រំដែនរួច   យន្តការដោះស្រាយទំនាស់ដីធ្លី និងផែនការឈានទៅបញ្ចប់កុំឱ្យកើតមានទំនាស់បន្តទៀត ព្រមទាំងការងារសំណង់ ក្នុងនោះមានផែនការសម្រាប់អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ ការអភិរក្សអគារចាស់ទ្រុឌទ្រោម ដែលមានអាយុកាលលើសពី៥០ ឆ្នាំ និងការងាររៀបចំដែនដី ក្នុងនោះមានយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ផែនការរៀបចំដែនដីថ្នាក់ជាតិ ថ្នាក់តំបន់ រាជធានី ខេត្ត ក្នុងនោះបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដី រាជធានី ខេត្ត ចំនួន ៣ គឺប្លង់គោលរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងបានបញ្ចប់ផែនការរៀបចំដែនដីខេត្តតាកែវ ព្រមទាំងកំពុងជំរុញបញ្ចប់ការសិក្សាផែនការរៀបចំដែនដីខេត្តសៀមរាប និងខេត្តប៉ៃលិន ចំពោះប្លង់គោលប្រើប្រាស់ដីក្រុងស្រុកខណ្ឌ គឺបានអនុម័តនិងដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ១១ ដូចជាក្រុងបាត់ដំបង ទីរួមខេត្តត្បូងឃ្មុំ ក្រុងតាខ្មៅ ក្រុងកំពត ក្រុងកែប ក្រុងខេមរៈភូមិន្ទ ក្រុងសៀមរាប ក្រុងកំពង់ចាម ក្រុងប៉ោយប៉ែត ក្រុងបាវិត ក្រុងបូកគោ និងទីប្រជុំជនចំនួន ២ គឺទីប្រជុំជនស្រុកជ្រៃធំ និងទីប្រជុំជនស្រុកស្វាយអន្ទរ រីឯផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ គឺបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ផែនការប្រើប្រាស់ដីឃុំសង្កាត់ចំនួន៨០ ឃុំសង្កាត់នៅក្នុងខេត្តចំនួន 11និងកំពុងសិក្សាបញ្ចប់ផែនការប្រើប្រាស់ដីឃុំចំនួន 90 នៅខេត្តបាត់ដំបង ព្រៃវែងនិងខេត្តកំពង់ធំ ដោយឡែកផែនទីព្រំប្រទល់រដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងផែនទីប្រើប្រាស់ដី ជាក់ស្ដែងវិញ គឺបានបញ្ចប់នៅក្នុងស្រុកខណ្ឌចំនួន ២០៣ និងឃុំសង្កាត់ចំនួន ១៦៤៦ ឃុំសង្កាត់។ ការងារគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយក្នុងនោះបានបញ្ចប់ការសិក្សាយុទ្ធសាស្ត្រជាតិសមាហរណកម្មតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តតាមឆ្នេរសមុទ្រមានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង បានស្ថាបនាខ្លោងទ្វារចូលឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ បានបញ្ចប់ការចុះបញ្ជីដីរដ្ឋ នៅលើកោះរ៉ុង ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានស្ដារ និងស្ថាបនាប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងនៅក្រុងព្រះសីហនុ បានស្ថាបនាផ្លូវនិងមហាវិថីចំនួន ៣៦ ខ្សែស្មើនឹង៨០ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។ រីឯបញ្ហាប្រឈម គឺមានកង្វះខាតធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ដែលអាចជំរុញការសិក្សាលម្អិត និងការអនុវត្តផែនការរៀបចំដែនដី ដែលបានអនុម័តរួច និងកង្វះខាតថវិកា ដើម្បីអនុវត្តគម្រោងស្របតាមផែនការគ្រោងទុក។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងអំពីទិសដៅបន្តរបស់ក្រសួង គឺការជំរុញបញ្ចប់ច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជំរុញបញ្ចប់ការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ នៅឆ្នាំ ២០២៣ ជំរុញសម្រេចឱ្យបានផែនការរៀបចំដែនដីថ្នាក់តំបន់ចំនួន២ បន្ថែមទៀតនៅឆ្នាំ ២០២៣ គឺផែនការរៀបចំដែនដីតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ជុំវិញរាជធានីភ្នំពេញ ជំរុញសម្រេចឱ្យបានផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ២ ក្នុងមួយឆ្នាំ ឬចំនួន ៨ ខេត្តនៅឆ្នាំ ២០២៣ ជំរុញសម្រេចឱ្យបានប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុងចំនួន ៥ ក្នុងមួយឆ្នាំ ឬចំនួន ៨ ក្រុង នៅដំណាច់ឆ្នាំ ២០២៣  ជំរុញ សម្រេចឱ្យបានប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុកខណ្ឌចំនួន៥ ក្នុងមួយឆ្នាំ ឬចំនួន ១៩ ស្រុកខណ្ឌនៅដំណាច់ឆ្នាំ២០២៣ និងជំរុញសម្រេចឱ្យបានផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ចំនួន២០ ក្នុងមួយឆ្នាំ ឬចំនួន ៨០ ឃុំសង្កាត់នៅដំណាច់ឆ្នាំ ២០២៣ ៕









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002263
ម្សិលមិញ :
003904
សរុប :
8626673
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា