September 28, 2020
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បីសិក្សា​ និងអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ​នៅ​ក្នុង​ក្រុងសៀមរាប ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេក​ទេសអន្តរ​ក្រសួង​ចុះ​ពិនិត្យ​មើលគម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ទាំងនេះ​នៅក្នុង​ក្រុង​សៀមរាប។  ក្នុងឱកាស​ចុះពិនិត្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើចរាចរណ៍ទៅមក បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមក ដែលក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន ៣៨ ខ្សែប្រវែង ១០០ គីឡូម៉ែត្រ ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនាមគណៈកម្មការអន្តរក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់  កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាប ទាំងអស់ សូមចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សា និងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។ គួរបញ្ជាក់ថាក្នុងគោលដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍ កម្រិតពិភពលោកនោះ ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវ ដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាពដូចជាប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ព្រមទាំងការធ្វើសួននិងដាំដើមឈើផងដែរ៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002167
ម្សិលមិញ :
011795
សរុប :
8495648
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា