November 19, 2020
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ ឯកឧត្ដម Michael Tan Keng ឯកអគ្គរដ្ឋទូតវិសាមញ្ញ  និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំនៅព្រះរាជា​ណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងបេ​សកកម្ម​បញ្ចប់អាណត្តិ​ការទូត​របស់​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​នៅកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។   នៅក្នុង​ជំនួប​នេះ ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព​នៃ​សាធារណរដ្ឋ​សឹង្ហបុរី​ប្រចាំកម្ពុជា បាន​មានប្រសាសន៍​ថា​ក្នុង​នាម​ស្ថានទូត​នៃសាធារណរដ្ឋ​សិង្ហបុរី សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានរៀប​ចំ​វិធានការ​ត្រឹមត្រូវ​ទទួល​បាន​ជោគជ័យ​​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​នៃ​ជំងឺរាតត្បាត​ជាសាកល ​Covid-19។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បញ្ជាក់ថា​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំកម្ពុជា មាន​មោទនភាព​យ៉ាងខ្លាំង​ក្នុងការ​បំបេញ​បេសកកម្ម​នៅ​​កម្ពុជា ដែល​អាច​ទទួល​បាន​នូវ​សុវត្ថិភាព និង​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ និងប្រកប​ការងារ​ប្រចាំថ្ងៃ ក្នុង​ខណៈពេល​ដែល​ប្រជាជន​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​លើ​សាកលលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ជាសាកល Covid-19 នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត​បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​បង្កលក្ខណៈ​ដល់​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​កន្លង​មកទទួល​បាន​នូវ​ភាពជោគជ័យ​គួរ​ជា​ទីមោទក។ ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ បន្ទាប់​ពី​ជំងឺរាតត្បាត​ជាសាកល Covid-19 មាន​ភាព​ធូរ​ស្រាល ស្ថានទូត​សឹង្ហបុរី​ជឿជាក់​ថា​នឹង​មាន​វិនិយោគគិន​សិង្ហបុរី​ជា​ច្រើន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ឱកាស​វិនិយោគពិសេស​លើ​វិស័យ​សំណង់ លំនៅឋាន និង​អចលនទ្រព្យ ។ ជាការ​ឆ្លើយតប ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ថ្លែង​អំណរ​គុណ​ដល់ ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូត​សឹង្ហបុរី Michael Tan Keng Siong ដែល​បាន​ផ្តល់​នូវ​សច្ចភាព​ដល់​កម្ពុជា ចំពោះ​ភាព​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​នៃ​ការ​រាតត្បាត​ជា​សាកល​ជំងឺ Covid-19 និង​សូមចូលរួម​រំលែកទុក្ខ​ចំពោះ​ការ​បាត់បង់​ជិវិត​ប្រជាជន​សិង្ហបុរី​ចំនួន ២៨ នាក់ផងដែរ។ ម្យ៉ាងទៀត​ ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី បានថ្លែង​អំណរ​គុណ​ចំពោះ​កាកបាទ​ក្រហម​សិង្ហបុរី ដែលបាន​ផ្តល់​ជំនួយ​ដល់​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ជួយ​ដល់​ជន​រ​ងគ្រោះ​ដោយសារ​ទឹក​ជំនន់ កាល​ពី​ដើម​ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម​​ឧបនាយករដ្ឋមន្រ្តី បាន​​បន្ថែមថា ដើម្បី​រឹត​បន្តឹងចំណង​មិត្តភាព​រវាង​ស្ថាប័ន​ទាំង ២ ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ផ្តល់អាទិភាព​ទទួល​យក​ក្រុមហ៊ុន​សំណង់​របស់​សិង្ហបុរី ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ត្រួត​ពិនិត្យ និងបញ្ជាក់​សំណង់​នៅកម្ពុជា បន្ទាប់​ពី​អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ និងបញ្ជាក់​សំណង់ បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​រួច។ ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ក៏​នឹង​ផ្តល់​អាទិភាព​សម្រាប់​ក្រុមហ៊ុន​ត្រួត​ពិនិត្យ និង​បញ្ជាក់​សំណង់​របស់​សិង្ហបុរី និង​ជប៉ុន ដើម្បី​ធ្វើ​កិច្ចសន្យា​ជួល​ការិយាល័យ​នៅ​ទីស្តីការ​ថ្មី​របស់​ក្រសួង។ ក្នុង​នាម​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បាន​បង្ហាញ​ពី​ការ​ចូលរួម​អបអរសាទរ​ខួប​លើកទី ៥៥ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២ កម្ពុជា សឹង្ហបុរី និង​ប្តេជ្ញា​បន្ត​រឹតបន្តឹង​ចំណង​មិត្តភាព​ជាមួយ​ស្ថានទូត​សិង្ហបុរី ឱ្យ​កាន់​តែ​រឹងមាំ​ថែមទៀត៕





សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002200
ម្សិលមិញ :
003904
សរុប :
8626610
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា