January 27, 2016
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ មានប្រារព្ធពិធីបើកសិក្ខាសាលាស្តីអំពី ផែនការសកម្មភាពឆ្នាំ២០១៦ របស់គម្រោងលើកកំពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀង សម្រាប់គ្រួសារទទួលបានសម្បទានដីសង្គមកិច្ចពីគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច(LASED) ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ និងមានការអញ្ជើញចូលរួមពីតំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, តំណាងក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍជនបទ, ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ តំណាងធនាគារពិភពលោក(WB) អង្គការ GIZ ធនាគាអាល្លឺម៉ង់ (KFW) ដែលជាដៃគូ អនុវត្តគម្រោង សរុបមានចំនួន៦៨នាក់។  គោលបំណងរបស់សិក្ខាសាលារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះ គឺដើម្បីពិនិត្យលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៥ និងពិភាក្សាគ្នារៀបចំផែនការសកម្មភាព និងថវិកាលំអិតប្រចាំ ឆ្នាំ២០១៦ ទៅតាមតម្រូវការជាក់ស្តែងក្នុងទីតាំងសម្បទានដីសង្គមកិច្ចនីមួយៗ សំដៅធានាដល់និរន្តរភាពជីវភាពរស់នៅរបស់គ្រួសារទទួលបានសម្បទានដីសង្គមកិច្ចក្នុងក្របខ័ណ្ឌនៃគម្រោង LASED។  គម្រោងលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ ២,៩លានអ៊ឺរ៉ូ ជាជំនួយឥតសំណងផ្តល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាគម្រោងជំហានថ្មីមួយទៀតដើម្បីគាំទ្រ ដល់ប្រជាពលរដ្ឋ ៣១៤៨គ្រួសារ នៅក្នុងឃុំចំនួន៧ នៃខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងកំពង់ធំ ដែលបានទទួល សម្បទានដីសង្គមកិច្ចក្នុងគម្រោង LASED។ គម្រោងនេះផ្តោតសំខាន់លើសកម្មភាព ៣ គឺ ១. ការបង្កើតសន្តិសុខស្បៀង ២. ការធានាជាមូលដ្ឋានសម្រាប់ផលិតកម្មកសិកម្មក្នុងរយៈពេលវែង និង ៣. ការអភិវឌ្ឍមូលដ្ឋាន តាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន។ ដើម្បីសម្រេចគោលដៅនេះ គម្រោងបានផ្តល់ស្បៀងដល់គ្រួសារដែលបានទទួលដី និងបានជួយឲ្យអាចបង្កើនផលិតផលកសិកម្មក្នុងឡូតិ៍ដីលំនៅឋាន និងឡូតិ៍ដីកសិកម្ម ជួយឈូសសំអាតដី ផ្តល់ពូជ ផ្តល់ជី ផ្តល់ការបណ្តុះបណ្តាលអំពីការងារដាំដុះ ការចិញ្ចឹមសត្វ ព្រមទាំងការឈូសផ្លូវចូលក្នុងតំបន់ដីកសិកម្មសម្រាប់បង្កលក្ខណៈងាយស្រួលដល់អ្នកទទួលដីអាចចូលទៅប្រើប្រាស់ដីកសិកម្មបាន ដែលកត្តាទាំងនេះបានជួយជំរុញការតាំងទីលំនៅជាអចិន្ត្រៃយ៍តាមរយៈការបង្កើតការងារជាប្រចាំនៅក្នុងទីតាំងសម្បទានដីសង្គមកិច្ច។  ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បានមានមតិសំណេះសំណាលព្រមទាំងបានកោតសរសើរក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ស្រុក ឃុំ អង្គការ មិនមែនរដ្ឋាភិបាល ដែលបានសហការគ្នាល្អលើការងារនេះកន្លងមក និងថ្លែងនូវអំណរគុណចំពោះដៃគូអភិវឌ្ឍន៍មានធនាគារពិភពលោក រដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈអង្គការ GIZ អង្គការ NGOs ទាំង៣ រួមមានអង្គការវឌ្ឍនភាព (Wathnakpheap) អង្គការជីវិតថ្លៃថ្នូរ (Life With Dignity, LWD) និងអង្គការលំនៅឋានសម្រាប់មនុស្សជាតិនៅកម្ពុជា(Habitat for Humanity in Cambodia-HFHIC) ដែលបានរួមអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចក្នុងក្របខណ្ឌគម្រោង LASED ដោយបានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដ៏មានតម្លៃធ្វើឲ្យគម្រោងទទួលបាន លទ្ធផលល្អ។ បន្ថែមលើលទ្ធផលដែលគម្រោងសម្រេចបានកន្លងមក រដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈអង្គការGIZ បានផ្តល់ការលើកកំពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងដល់គ្រួសារដែលទទួលបានសម្បទានដីសង្គមកិច្ច ដែលគម្រោងថ្មីនេះពិតជានឹងផ្តល់ឱកាសបន្ថែមទៀតដល់គ្រួសារដែលបានទទួលដីអាចបង្កើនផលិតផលកសិកម្ម របស់ខ្លួន ព្រមទាំងពង្រឹងភាពម្ចាស់ការខ្លួនឯងក្នុងការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយនិរន្តរភាព។  ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានណែនាំដល់អង្គសិក្ខាសាលាឲ្យពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកឃើញនូវគំនិតល្អៗទាក់ទងនឹងប្រធានបទនៃសិក្ខាសាលានេះរួមមាន បច្ចេកទេសដាំដុះ ការគ្រប់គ្រង អាជីវកម្មដាំដុះ ការចិញ្ចឹមសត្វ បញ្ហាឧបករណ៍សម្ភារៈកសិកម្ម បញ្ហាទីផ្សារសម្រាប់កសិផលដែលផលិតបាន បញ្ហាទុនគ្រប់គ្រាន់ដើម្បីធ្វើប្រពលវប្បកម្ម ការពង្រឹងសុវត្ថិភាពស្បៀង និងពង្រឹងសហគមន៍ ការកសាងផែនការ អភិវឌ្ឍន៍ថ្នាក់ឃុំ និងថ្នាក់ស្រុក អំពីតួនាទីរបស់តួអង្គទាំងអស់ដែលពាក់ព័ន្ធរួមមាន រដ្ឋបាលសាធារណៈ ប្រជាពលរដ្ឋ សហគមន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002124
ម្សិលមិញ :
004118
សរុប :
5392576
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា