March 21, 2017
រសៀល​ថ្ងៃអង្គារ ០៩ រោច ខែ​ផល្គុន ឆ្នាំវក ព.ស. ២៥៦០ ត្រូវនឹង​ថ្ងៃទី ២១ ខែ​មីនា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​អនុញ្ញាតឱ្យ លោក Adachi Itsu តំណាង JICA ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា​ចូលជួប​សំដែង​ការ​គួរសម​ និង​ជម្រាប​លា​ក្នុង​ឱកាស​បញ្ចប់​អាណ្ណាតិ​។

នៅក្នុង​​ជំនួប​​នេះ ឯកឧត្តម​​ទេស​រដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែង​​អំណរ​​គុណ​​ចំពោះ​​រាជរដ្ឋាភិបាល​​ជប៉ុន ដែល​​តែងតែ​​ផ្តល់នូវ​​កិច្ច​​សហ​​ប្រតិបត្តិការ​​ល្អ​​ជា​​មួយ​​រាជរដ្ឋាភិបាល​​កម្ពុជា​​កន្លងមក និង​​បាន​​ជួយ​កៀរគរ​វិនិយោគ​ទុន​ជប៉ុន​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង ដែល​អាច​ចូលរួម​ក្នុង​ការ​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​មួយ​ចំណែក​ធំផង​ដែរ ។ លើស​ពីនេះ ឯកឧត្តម​​​ទសរដ្ឋមន្ត្រី បាន​​សម្តែង​​ការ​​កោត​​សរសើរ​​ចំពោះ​​ លោក Adachi Itsu ដែល​​បាន​​បន្សល់​​នូវ​ស្នាដៃ​​ជាច្រើន​​ពិសេស ​គឺ​​ការ​​ខិតខំ​ប្រឹង​ប្រែង​ជួយ​ជ្រោមជ្រែង​ដល់​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​លើ​វិស័យ​ដីធ្លី ពិសេស​លើ​ការ​អនុវត្ត​គោល​នយោបាយ​លំនៅឋាន​ផងដែរ។ ទាំងនេះ​គឺ​​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការរឹត​បណ្ដឹង​ចំណង​​មិត្តភាព​រវាង​កម្ពុជា-ជប៉ុន ទាំង​ទំនាក់​ទំនង​ការ​ទូត​និង​វិស័យ​ឯកជនឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាងមុន ។

ជាការឆ្លើយតប លោក Adachi Itsu មាន​ប្រសាសន៍​ថា​ក្នុង​អាណត្តិ​បេសកកម្ម​រយៈពេល ២ឆ្នាំ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​បេសកកម្ម​លើកទី២ នេះ លោក Adachi
Itsu ពិត​ជា​មាន​មោទនភាព​ក្រៃលែង​ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តួចផ្តើម​នូវ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ពិសេស​ការ​សិក្សា​ និង​សាងសង់​ស្ពាន​គីសូណា ស្ពាន​អ្នកលឿង និង​គម្រោង​ផ្សេងៗ​ទៀត​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទសទាំង ២ ។

ឆ្លៀត​​ក្នុង​​ឱកាស​​នេះ​​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​​សម្តែង​​ការ​​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ​​ចំពោះ លោក SUGANO Yuichi សម្រាប់​​ការ​​ទទួល​​ភារកិច្ច​​ថ្មី​ជា​តំណាង​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សូមឱ្យ​ លោក SUGANO Yuichi នៅ​តែ​បន្ត​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ពិសេស​លើ​ការ​អនុវត្ត​គោល​នយោបាយ​លំ​នៅ​ឋានសាធារណៈ​មាន​តម្លៃ​សមរម្យ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​បរិបទ​ដែល​កម្ពុជា​ពិសេស​នៅ​រាជធានីភ្នំពេញ​មាន​កំណើន​ប្រជា​ពលជន​ខ្ពស់ ការ​អនុវត្ត​គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​នេះ​ពិត​ជា​មានសារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ដោយ​ផ្តល់​ការ​ស្នាក់នៅ​សមរម្យ ថ្លៃថ្នូរ ប្រកប​ដោយ​ផាសុកភាព។ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​បង្ក​លក្ខណៈ​ដល់​ការ​អនុវត្ត​គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​នេះ ជាមួយ​នឹង​ការ​ផ្សារ​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្តល់​ការ​អនុគ្រោះ​លើ​លិខិត​បទដ្ឋាន​គត្តិយុត្ត​ផ្សេងៗ​ផងដែរ ។ ជាមួយ​គ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ JICA ពិនិត្យ​មើល​លទ្ធភាព​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​អនុវត្ត​គម្រោង​លំនៅឋាន​នេះ ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​អណ្តូង​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​សហគមន៍​លំនៅឋាន​សាធារណៈ ។

លោក SUGANO Yuichi បាន​មាន​ប្រសាសន៍​ថា​ក្នុង​នាម​លោក​ដែល​មាន​បទពិសោធន៍​បម្រើ​ការងារ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​លំនៅឋាន​សាធារណៈ នៃ​ប្រទេស​ជប៉ុន លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​រាជរដ្ឋាភិបាល​ទាំង ២ ។
ចុងបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជូនពរ លោក Adachi Itsu និង​ក្រុម​គ្រួសារ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារ​កិច្ច​ទាំងអស់ និង​សូម​ស្វាគមន៍​ចំពោះ លោក SUGANO Yuichi តំណាង​ថ្មី​នៃ​ទី​ភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ JICA ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា៕













សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000019
ម្សិលមិញ :
002858
សរុប :
8349681
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា