April 07, 2017
ស្របពេល​ដែល​ពីធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ជិត​ឈានចូល​មកដល់​ក្នុង​ពេលឆាប់​ៗ ខាងមុខនេះ ក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​ពិធី​សូត្រមន្តចំរើន​សីរីសួស្ដី អបអរសាទរស្វាគមន៍​ឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ​តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងផងដែរ ។

ពិធីនេះ​ប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ដោយមានការជួបជុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ក្រសួង ធ្វើនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត វេភតាហារ ប្រគេនព្រះសង្ឃផងដែរ។ កម្មវិធីសូត្រមន្តចំរើនសួស្ដីនេះ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ តែងតែ​ធ្វើឡើង​ជារៀងរាល់ឆ្នាំ ដើម្បី​បណ្ដេញ​ឧបទ្រព ភាពសៅហ្មង ទាំងឡាយក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឱ្យ​មានសិរីសួស្ដី និង​ជោគជ័យ លើ​ភារកិច្ច​ថ្មីៗ​ធំៗ​ថែមទៀត ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន។ ម្យ៉ាងទៀត ការប្រារព្ធពិធីនេះ ក៏​ដើម្បីចំរើន​សិរីសួស្ដីដល់ថ្នាក់​ដឹកនាំ បុគ្គលិក មន្រ្តីរាជការ ទាំងអស់របស់ក្រសួង និង​ជា​ឱកាស​ជួបជុំគ្នា បង្កើន​ភាពជិតស្និទ្ធ សាមគ្គីភាព​រវាងគ្នា​និងគ្នា ដើម្បីរួម​សហការ​អនុវត្តការងារក្នុងឆ្នាំថ្មីខាងមុខនេះ ឱ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ តាម​គោល​នយោបាយ និង​យុទ្ធសាស្រ្តចតុកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ។

ក្នុង​ឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដោយ​បាន​ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ​ទាំងអស់ របស់ក្រសួងនាពេល​នេះ ហើយ ឯកឧត្តមសង្ឃឹមថា ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្រ្តីរាជការ​ទាំងអស់​របស់​ក្រសួង​នឹងខិតខំយកចិត្តទុកដាក់អនុវត្តតាមតួនាទី​ភារកិច្ចរៀងៗខ្លួន ដោយសហការគ្នាយ៉ាងជិតស្និទ្ធ សំដៅសម្រេច​ឱ្យបាន​ជោគជ័យ តាមទិសដៅរបស់ក្រសួង និង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំថ្មីនេះ។ ជាមួយនេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃជាតិ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ខាងមុខនេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏​បានបួងសួង​ដល់​ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំព្រះរាជសព្វសាធុការពរថ្វាយ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា និង ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ មានព្រះជន្មាយុយឺនយូរ ដើម្បី​គង់​ជាម្លប់​ដ៏​ត្រជាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយតាម​ទ្រទ្រង់ថែ​រក្សា​ប្រមុខដឹកនាំ​នៃរាជរដ្ឋាភិបាលកម្ពុជា គឺ សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើម្បី​សម្ដេច​បានដឹកនាំប្រទេសឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យ មានសន្ដិភាព ស្ថេរភាពនយោបាយ ល្អប្រសើរ អភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន និង​កាត់​បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យនៅកំរិតទាបបំផុត។ ម្យ៉ាងទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេសក្នុងឱកាសឆ្នាំថ្មី ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក រាល់​ពេល​ធ្វើ​ដំណើរតាមដងផ្លូវ ដើម្បីជៀស​វាង​កុំឱ្យ​មានគ្រោះ​ថ្នាក់​ចរាចរណ៍​ជាយថាហេតុ ៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002248
ម្សិលមិញ :
011795
សរុប :
8495729
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា