October 04, 2014
 
ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ      ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​១៩៩៨ តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១៩៨/៧២ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩៨  ហើយ​នៅក្នុង​នីតិកាល​ទី​២​នៃ​រដ្ឋសភា ទើប​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​ចូល​ជា​ធរមាន តាម​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦៩៩/០៩ ចុះ​ថ្ងៃទី​២៣  ខែមិថុនា ឆ្នាំ​១៩៩៩ ។ ក្រសួង​មាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​សម័យមុនៗ វិស័យ​ការងារ​ទាំងអស់នេះ​ស្ថិតនៅក្រោម​ចំណុះ​ស្ថាប័ន​ច្រើន​ដោយឡែក​ពីគ្នា ។ ពី​សម័យ​សង្គមរាស្ត្រនិយម​រហូតមកដល់​មុន​ឆ្នាំ​១៩៧៥  វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​នគរូបនីយកម្ម​និង​លំនៅឋាន នៃ​ក្រសួង​សាធារណការ ហើយ​នៅតាម​ខេត្ត​-​ក្រុង កិច្ចការ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​-​ក្រុង ។​
​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ មន្ទីរ​រៀបចំ​ក្រុង ត្រូវបាន​បង្កើត​នៅ​ក្រុងភ្នំពេញ និង​ការិយាល័យ​សំណង់ ត្រូវបាន​បង្កើត​នៅតាម​បណ្តា​ខេត្ត ដោយនៅ​ខេត្ត​ខ្លះ​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​មន្ទីរ​ផែនការ និង​នៅ​ខេត្ត​ខ្លះទៀត ការិយាល័យ​នេះ​ស្ថិតនៅក្រោម​មន្ទីរ​ឧស្សាហកម្ម ។ ទន្ទឹមនឹងនេះ​សហគ្រាស​សំណង់​មួយ​ក៏​ត្រូវបាន​បង្កើតឡើង ស្ថិតនៅក្រោម​ក្រសួង​ឧស្សាហកម្ម ដើម្បី​សាងសង់​សំណង់​របស់​រដ្ឋ​នៅ​ទូទាំងប្រទេស លើកលែង​សំណង់​របស់​ក្រសួងពាណិជ្ជកម្ម ដែល​នាពេលនោះ​មាន​ក្រុមហ៊ុន​ស្ថាបនា​មួយ ។  ឆ្នាំ​១៩៨៦ ដោយ​វិស័យ​សំណង់​មានការ​រីកចម្រើន អគ្គនាយកដ្ឋាន​សំណង់ ត្រូវបាន​បង្កើតឡើង​ស្ថិតនៅ​ចំណុះ​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​នីតិកាល​ទី​១​នៃ​រដ្ឋសភា អគ្គនាយកដ្ឋាន​នេះ ស្ថិតនៅក្រោម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។ លុះ​ឆ្នាំ​១៩៩៤ ក្រោយ​មានច្បាប់​ស្តីពី​ការរៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​ទីស្នាក់ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

        វិស័យ​សុរិយោដី​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩០៨ មាន​ឈ្មោះថា ក្រុមសុរិយោដី និង​ឋានលេខា ស្ថិតនៅក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​នៅ​ឆ្នាំ​១៩២៥ ត្រូវបាន​បង្កើត​នាយកដ្ឋាន​អភិរក្ស​ភូមិបាល ស្ថិតនៅក្រោម​ក្រសួង​ហិរញ្ញវត្ថុ ។ ឆ្នាំ​១៩៤៨-១៩៧៥ ក្រុមសុរិយោដី និង​ការិយាល័យ​ភូមិបាល ត្រូវបាន​បង្កើតឡើង​ស្ថិតនៅក្រោម​ក្រសួងកសិកម្ម ។ ឆ្នាំ​១៩៨៩-១៩៩៤ វិស័យនេះ​ស្ថិតនៅក្រោម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ជា​នាយកដ្ឋាន​សុរិយោដី ហើយ​ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​ដើមឆ្នាំ​១៩៩៩ ជា​នាយកដ្ឋាន​សុរិយោដី ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

        ចំណែកឯ​វិស័យ​ភូមិសាស្ត្រ​វិញ ពី​ឆ្នាំ​១៩៥៥  ស្ថិតនៅ​ចំណុះ​ក្រសួងការពារជាតិ មាន​ឈ្មោះថា ក្រុម​ភូមិសាស្ត្រ​កម្ពុជា បន្ទាប់មក​ដូរ​ឈ្មោះ​ជា​ក្រុម​ភូមិសាស្ត្រ​ខ្មែរ នៅក្រោម​របប លន់ នល់ និង​ពី​ឆ្នាំ​១៩៨៥-១៩៩១ ជា​ការិយាល័យ​ព្រំដែន ចំណុះ​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​ពី​ឆ្នាំ​១៩៩១ ដល់​ចុងឆ្នាំ ១៩៩៨ ជា​នាយកដ្ឋាន​ភូមិសាស្ត្រ ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

        ដោយ​មើលឃើញ​សារសំខាន់ និង​ចំណងទាក់ទង​នៃ​វិស័យ​ការងារ​ខាងលើ ដែល​ចល័ត​នៅក្រោម​ចំណុះ ស្ថាប័ន​ច្រើន​ដោយឡែកៗ​ពីគ្នា ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានសម្រេច​បង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ​ឡើង ដើម្បី​ទទួលបន្ទុក​ប្រមូលផ្តុំ​ការងារ​ទាំងអស់​ខាងលើ​ឲ្យ​មាន​ស្ថេរភាព និង​ស្ថិតនៅក្រោម​ស្ថាប័ន​តែមួយ ។ នៅពេល​ចាប់ផ្តើម​ដំណើរការ​ក្រសួង​ដំបូង​ទីស្តីការក្រសួង​មាន​អគារ​ធ្វើការ​នៅលើ​ទីតាំង​ដី​៣​កន្លែង​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ក្នុង​ខណ្ឌ​២​ផ្សេងគ្នា​រួមមាន​៖ នៅលើ​ទីតាំង​ដី​នៅទីនេះ​មាន​សំណង់​អគារ​លំនៅឋាន​០៣​អគារ និង​សាលប្រជុំ​តូច​មួយ​សម្រាប់​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ទី​តាំងទី​២ មាន​អគារ​លំនៅឋាន​០២​អគារ សម្រាប់​ការងារ​សុរិយោដី និង​នៅ​ទីតាំង​ទី​៣ មាន​សំណង់​អគារ​លំនៅឋាន​០១​អគារ​សម្រាប់​ការងារ​ភូមិសាស្ត្រ ។ នៅ​ចុងឆ្នាំ​១៩៩៩ រាជ​រដ្ឋា ភិ​បាល​បានអនុញ្ញាត​ឲ្យ​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​ទៀត​នៅលើ​ទីតាំង​នេះ ដើម្បី​ដោះស្រាយ​កន្លែងធ្វើការ​ជូន​មន្ត្រីរាជការ ដែលមាន​កំណើន​ជា​លំដាប់​ស្របតាម​សំណូមពរ​ការងារ​កើនឡើង ។​

        ទាក់ទង​នឹង​គម្រោង​សាងសង់​អគារ​នេះ ការសិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម និង​គម្រោង​ប្លង់ គ្រឿង​ផ្គុំ​សំណង់​ត្រូវបាន​សិក្សា​ដោយ​ស្ថាបត្យករ និង​វិស្វករ​កូន​ខ្មែរ​ជា​មន្ត្រី​របស់​ក្រសួង​ទាំងស្រុង ។ ឯ​ដំណើរ​ការសាងសង់​ក៏​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ដោយ​អ្នកបច្ចេកទេស​ដែលជា​មន្ត្រី​របស់​ក្រសួង​ដែរ ។ ការរៀបចំ​លក្ខណៈ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្រៅ​នៃ​អគារ បាន​បញ្ចូល​នូវ​សមាសភាព​ស្ថាបត្យកម្ម​ជាតិ​លំនាំ​រចនាបថ​ខ្មែរ​សម័យអង្គរ រួមជាមួយ​ស្ថាបត្យកម្ម​សម័យ​ទំនើប ។ គម្រោង​ប្លង់​ទាំង​២​ត្រូវបាន​រៀបចំឡើង​ដោយ​ទស្សនទាន នៃ​ប្រសិទ្ធភាព​ប្រើប្រាស់ និង​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​ធានា​គុណភាព សុវត្ថិភាព​សំណង់ និង​សោភណភាព ។ ការរៀបចំ​របៀង​ខ្យល់​នៅ​ចន្លោះ​កណ្តាល​តាម​បណ្តោយ​ជួរ​បន្ទប់ធ្វើការ មាន​ភាព​អំណោយផល​ដ​ល់​ផាសុខភាព ។ ផ្ទៃក្រឡា​សំណង់​សរុប​មាន ១៥.៦៩៤ ម៉ែត្រការ៉េ កម្ពស់​សំណង់​មាន​៩​ជាន់ ស្មើនឹង ៣៦.៨៥ ម៉ែត្រ គិត​ត្រឹម​ស្លាប​ជញ្ជាំង​ជាន់​នីមួយៗ​មាន​កម្ពស់ ៣.៩០ ម៉ែត្រ លើកលែង​ជាន់​ផ្ទាល់​ដី​ដែលមាន​កម្ពស់ ៥.៦៥ ម៉ែត្រ ។ ជាន់​នីមួយៗ​នៃ​សំណង់​ត្រូវបាន​រៀបចំ​តាម​មុខងារ​ប្រើប្រាស់   ខុសៗ​គ្នា​ទៅតាម​ផែន​ការងារ​ជំនាញ ។​

        រចនាសម្ព័ន​កន្លែងធ្វើកា​រ​សំខាន់ៗ​រួមមាន​សាលប្រជុំ​ធំ​ចំណុះ ៦៥០ នាក់ បន្ទប់ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ បន្ទប់​ប្រជុំ​ថ្នាក់ដឹកនាំ ឬ​ប្រជុំ​ទ្វេភាគី ឬ​ពិធី​ចុះហត្ថលេខា បន្ទប់​ប្រជុំ​កម្រិត​ជំនាញ​តាម​ផែន​ការងារ​នីមួយៗ ឃ្លាំង​ឯកសារ និង​កន្លែងធ្វើការ​គ្រប់គ្រាន់ ។ អគារ​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ សុវត្ថិភាព ប្រព័ន្ធគ្រប់គ្រង​មន្ត្រីរាជការ ប្រព័ន្ធ​ទូរស័ព្ទ បណ្តាញ​អគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ០៤ គ្រឿង និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត ។
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000679
ម្សិលមិញ :
002946
សរុប :
2460272
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា