August 02, 2019
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការផ្តល់សេវាសុរិយោដី និងសំណង់ ដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ទាំងអស់ នៅទីស្តីការក្រសួង ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំដំណើរការទៅមុខ សម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់តែទទួលបាននូវប្រសិទ្ធភាពក្នុងការរៀបចំដំណើរការរបស់ខ្លួននៅតាមបណ្តា រាជធានី ខេត្ត សំដៅឱ្យការផ្តល់សេវា ជាមួយមុខសញ្ញាចំនួន២ គឺបញ្ហាសុរិយោដី សំណង់ និងពាក់ព័ន្ធជាមួយការគ្រប់គ្រងមន្រ្តីរាជការផងដែរ ។ ឯកឧត្តម បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងដែលមានផ្តល់សេវាសាធារណៈច្រើនជាងគេ ក្នុងនោះមាន៣៩៣សេវា ដែលសុទ្ធសឹងតែពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រជាពលរដ្ឋលើវិស័យដីធ្លី និងសុរិយោដី ហើយនាពេលខាងមុខ នឹងមានការផ្តល់សេវាកាន់តែច្រើនជាងនេះទៀត គឺនៅពេលដែលជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជំនឿជឿជាក់របស់អ្នកវិនិយោគក្នុងការមកបណ្តាក់ទុនកាន់តែច្រើននោះ ទីផ្សារលើវិស័យសំណង់ និងដីធ្លី គឺកាន់តែមានតម្លៃខ្ពស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថានៅក្នុងគោលដៅដំបូង មន្រ្តីទាំងអស់ត្រូវគិតគូរអំពីទំរង់ដំណើរការរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីបញ្ជៀសផុតពីការទិទៀន របស់សាធារណៈមតិ ។ ចំពោះការបង់កម្រៃសេវាសម្រាប់ដំណើរការ គឺកម្រៃសេវានេះជាសេវាផ្លូវការ តាមប្រកាសអន្តរក្រសួងដែលជាគោលការណ៍ ត្រូវផ្សព្វផ្សាយ ។ ប្រាក់ចំណូលនេះជាប្រាក់ចំណូលផ្លូវការ ក្រៅពីនេះ ប្រាក់ចំណូលមិនផ្លូវការ គឺជាហានិភ័យ ជាការបាត់បង់នូវកិត្តិយសរបស់ស្ថាប័ន មន្ទីរ បុគ្គលខ្លួនឯង ក្រុមគ្រួសារ និងខាត់បង់នូវអ្វីៗទាំងអស់ ដូច្នេះ ឯកឧត្តម បានណែនាំដល់មន្រ្តីទាំងអស់ធ្វើយ៉ាងណា កុំឱ្យមានបញ្ហាកើតឡើងដូចករណីនៅខេត្តពោធិសាត់ ដែលចាត់ទុកថាជាភាពអាម៉ាស់មួយដ៏ធំសម្រាប់ស្ថាប័ន ។ ចំណែកឯ ការផ្តល់សេវាលើវិស័យសំណង់ គឺចាត់ទុកថាជាបញ្ហាស្មុគស្មាញមួយ ដូច្នេះសូមឱ្យមន្រ្តីជំនាញរៀបចំជួយលើបញ្ហាសំណង់នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការក្នុងការសាងសង់ កុំធ្វេសប្រហែស ឫព្រងើយកន្តើយលើការត្រួតពិនិត្យសំណង់ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ធ្វើយ៉ាងណាត្រូវបំពេញតួនាទីរបស់ខ្លួន ឱ្យសាកសមជាមន្រ្តីជំនាញ និងកែសម្រួលរាល់ចំណុចខ្លះខាត់រៀងៗខ្លួន ត្រូវយកចិត្តទុកដាក់បំពេញការងារ បំរើបប្រជាពលរដ្ឋឱ្យបានល្អ និងស្របតាមច្បាប់ជាធរមាន ។ ចំពោះការផ្តល់សេវាលើវិស័យលើវិស័យសំណង់នេះ រាល់កិច្ចការទាំងអស់ មន្រ្តីត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ។ ម្ចាស់សំណង់តម្រូវឱ្យមានក្រុមហ៊ុនមើលការសំណង់នៅការដ្ឋាន ដើម្បីឱ្យក្រុមហ៊ុននេះទទួលខុសត្រូវរាល់ពេលមានហានិភ័យណាមួយកើតឡើង ។ មន្រ្តីពាំក់ព័ន្ធត្រូវពង្រឹងគោលការណ៍នេះ ដើម្បីឱ្យក្រុម​ហ៊ុនមើលការសំណង់នោះមើលការខុសត្រូវពីស្តង់កាសុវត្ថិភាព និងគុណភាពសំណង់ ។ ដោយឡែកមន្រ្តីជំនាញ ត្រូវជួបប្រជុំជាមួយប្រជាពលរដ្ឋដែលមានគម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ដើម្បីផ្សព្វផ្សាយឱ្យបានដឹង និងចុះបញ្ជីឱ្យបានត្រឹមត្រូវច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ចំពោះបញ្ហាចុះបញ្ជីដីធ្លីនិងការចេញបណ្ណកម្មសិទ្ធគឺសូមឱ្យមន្រ្តីទាំងអស់ ជំរុញការងារចុះបញ្ជីដីធ្លីនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស កុំមានការធ្វែសប្រហែស ឫយឺតយ៉ាវក្នុងការពន្លឿនការងារនេះឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានកំណត់ ។ ឯកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បន្ថែមថា ឯកឧត្តម មានបំណងចង់ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្លាយជាក្រសួងដែលទទួលបានទំនុកចិត្ត ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល អ្នកវិនិយោគ និងប្រជាពលរដ្ឋ ដូច្នេះ ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ក្រោមឱវាទក្រសួង ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់កិត្តិយសស្ថាប័ននេះ និងរួមគ្នាជំរុញការងារទៅមុខទៀត​ឱ្យកាន់តែល្អប្រសើរ ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ៕











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001443
ម្សិលមិញ :
003463
សរុប :
5793425
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា