អ៊ីមែល : mlmupc.caninet@gmail.com
January 11, 2018
“ខ្ញុំ​ខំ​ប្រឹង​ខ្លាំង​ណាស់ ចាប់​តាំង​ពី​មក​នៅ​ទី​នេះ​ដំបូង ទើប​ខ្ញុំ​បាន​ប៉ុណ្ណឹង។” លោក គឹង កុល អាយុ៤០ឆ្នាំ និយាយ​រំលឹក​ដល់​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រួសារ​លោក ព្រម​ទាំង​លើក​ដៃ​ចង្អុល​ទៅ​ផ្ទះ​មួយ​ខ្នង​ដ៏​ធំ​ដែល​ដាក់​តាំង​អីវ៉ាន់​លក់​ស្ទើរ​គ្មាន​កន្លែង​ទំនេរ ។

នៅ​ក្នុង​ផ្ទះ​លក់​អី​វ៉ាន់​នេះ អ្នកស្រី នួន ធារី អាយុ ៣៦ឆ្នាំ ជា​ភរិយា​របស់​លោក គឹង កុល កំពុង​ញាប់​ដៃ​ញាប់​ជើង វិច​ខ្ចប់​ទំនិញ​ឲ្យ​អតិថិជន​ដែល​មក​ទិញ​ស្ទើរ​មិនដាច់ ។ សម្រាប់​មុខរបរ​នេះ អ្នកស្រី​និង​ស្វាមី​អាច​លក់​បាន​ប្រមាណ​ជា​មធ្យម ៥០ម៉ឺនរៀល​ក្នុង​មួយ​ថ្ងៃៗ ។

ជាមួយ​នឹង​ទឹក​មុខ​រីករាយ ធារី បាន​សំដែង​ទឹកចិត្ត​ត្រេកអរ ក៏​ដូចជា​ការ​ដឹង​គុណ​ដល់​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (LASED) ដែល​បាន​ជ្រើសរើស​អ្នកស្រី​និង​កូន ជា​អ្នក​ទទួល​ដី​ពី​គម្រោងនេះ។ គ្រួសារ​អ្នកស្រី​ទទួល​បាន ដី​លំនៅដ្ឋានទំហំ ២០X៤០ម៉ែត្រ និង​ដី​កសិកម្មទំហំ ២ហិចតា ។

នៅ​ពេល​សួរ​ដល់​ប្រវត្តិ​មុន​ពេល​ដែល​ទទួល​បាន​ដី​និង​មក​រស់នៅ​ទីនេះ អ្នកស្រី​បាន​ផ្លាស់​ប្ដូរ​ទឹកមុខ​ពី​រីករាយ មក​ជា​ស្រងូតស្រងាត់​មួយរំពេច ។ តាម​ពិត​អ្នកស្រី នួន ធារី  ជា​ស្រី​មេម៉ាយ​កូនមួយ ដែល​កាល​នោះ​អ្នកស្រី រកព្រឹកខ្វះល្ងាច រក​ល្ងាច​ខ្វះព្រឹក និង​មាន​កូនខ្ទម​មួយ​តូច​នៅ​ភូមិ​ចាស់។



“កាលពីខ្ញុំនៅភូមិចាស់ ក្រោយរៀបការរួច រហូតដល់ពេលលែងលះគ្នា គឺខ្ញុំគ្មានលុយទេ សូមបីតែសារុងថ្មីមួយក៏គ្មានស្លៀកផង។” អ្នកស្រី នួន ធារី និយាយទាំងអួលដើមក និងមានរលីងរលោងទឹកភ្នែក។ អ្នកស្រីឈប់បន្តិច រួចបន្តថា “ពេលឃើញមិត្តភក្តីគេធូរធារ គេមានម៉ូតូ គេមានឡាន ហើយអ្នកខ្លះមានផ្ទះធំ ខ្ញុំសួរចេះតែខ្លូនឯងថា ហេតុអីបានជាខ្ញុំមិនមានដូចគេ។ ពេលនោះ ខ្ញុំបានត្រឹមតែគិតស្រមៃសម្រាប់ជាតិក្រោយប៉ុណ្ណោះ ព្រោះជាតិនេះខ្ញុំមើលមិនឃើញថាខ្ញុំនឹងអាចមានបានបែបនេះទេ។”

ដោយសារតែភាពក្រីក្រ ដែលជាហេតុធ្វើឱ្យគ្រួសារអ្នកស្រី ធារី ក្នុងចំណោមគ្រួសារក្រីក្រនិងអត់ដីធ្លីចំនួន ៨៨៥ គ្រួសារ ទទួលបានដីគម្រោង LASED ក្នុងឆ្នាំ២០០៩ ក្នុងឃុំសំបុក និងឃុំចង្រង់ នៃស្រុកចិត្របុរី ក្នុងខេត្តក្រចេះ។ ពេលមកដល់ដំបូងអ្នកស្រីបានសង់ផ្ទះផ្ទាល់ដីតូចមួយមានទំហំ ៣x៣ម៉ែត្រ ប្រក់ស័ង្កសី និងរស់នៅជាមួយកូនស្រី និងប្អូនស្រី ។




បន្ទាប់ពីមករស់នៅលើដីសម្បទានសង្គមកិច្ចបានមួយឆ្នាំ គឺនៅឆ្នាំ២០១០ អ្នកស្រីបានរៀបការជាមួយលោក គឹង កុល និងមានកូនស្រីម្នាក់ទៀត ។ គ្រួសារថ្មីនេះ បានខិតខំប្រឹងប្រែងរកស៊ីគ្មានពេលទំនេរ ដោយមានដើមទុនពីការលក់ជ្រូកតែ៣០ម៉ឺនរៀល យកមកលក់ដូរអីវ៉ាន់បន្តិចបន្តួច និងខ្ចីលុយគេទិញម៉ាស៊ីនកិនស្រូវ ដើម្បីស៊ីឈ្នួលកិនឱ្យគេ។ ចំណែកដីចំការពួកគាត់ធ្វើស្រែនិងដាំស្វាយចន្ទី ។ របររបស់គ្រួសារថ្មីនេះចេះតែកាក់កបតរៀងមក ដែលអាចឲ្យពួកគាត់ពង្រីករបរផ្សេងៗទៀត ដូចជា ដាក់លុយទិញដំបូងពីអ្នកភូមិ ទិញគោប្រវាស់ឲ្យអ្នកភូមិជាដើម។ ចំណូលទាំងនោះហើយដែលធ្វើឲ្យគ្រួសារអ្នកស្រី ធារី មានលទ្ធភាពសង់ផ្ទះថ្មីទំហំ ៧x១២ម៉ែត្រ ថ្មក្រោម ឈើលើ នៅឆ្នាំ២០១៤។ ជាមួយគ្នានេះដែរគ្រួសារអ្នកស្រីមានម៉ាស៊ីនកិនស្រូវ មានម៉ូតូ រហូតដល់មានឡានមួយគ្រឿង ហើយកូនស្រីទាំងពីរ កំពុងរៀននៅសាលាបឋមសិក្សាដែលសាងសង់ដោយគម្រោង LASED នេះ។

“ផ្ទះធំហើយខ្ពស់បែបនេះ គឺជាក្តីស្រមៃដែលខ្ញុំមានតាំងពីពួកយើងនៅក្រ ហើយពេលនោះចេះតែគិតថាធ្វើម៉េចនឹងបានវា។” អ្នកស្រីនិយាយជាមួយនឹងទឹកមុខញញឹមញញែម ព្រមទាំងងើយមើលទៅលើស្របតាមដៃដែលកំពុងចង្អុលបង្ហាញផ្ទះដ៏ធំរបស់គាត់។ “ក្តីប្រាថ្នារបស់ខ្ញុំ ឥឡូវបានសម្រេចហើយ។” អ្នកស្រីសើចតិចៗរួចក៏ងើបទៅលក់អីវ៉ាន់ឲ្យភ្ញៀវបន្ត។



នៅចំងាយប្រមាណជា ៥០០ម៉ែត្រពីផ្ទះលោក គឹង កុល នាតៀមលក់ដូរអីវ៉ាន់មួយកន្លែងក្នុងផ្សារថ្មីដីសម្បទានសង្គមកិច្ចសំបុកនិងចង្រ្កង់ ដៃកំពុងកាន់ថ្នេរសារ៉ុងរុញចូលម៉ាស៊ីនដេរដែលដើរដោយកម្លាំងជើងរបស់គាត់ អ្នកស្រី ប្រាក់ វ៉ាន់ស៊ីន អាយុ៦០ឆ្នាំ មានប្រសាសន៍ទាំងទឹកមុខញញឹមថា “នេះជាការងារបន្ថែមមួយទៀត បន្ទាប់ពីការងារដាំដុះលើដីស្រែរបស់ខ្ញុំ។”

អ្នកស្រី វ៉ាន់ស៊ីន មានកូនចំនួន ១០នាក់ ប៉ុន្តែម្នាក់បានស្លាប់។ ដោយសារជីវភាពក្រីក្រ និងកូនច្រើន អ្នកស្រី  ទទួលបានដី ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជាដីកសិកម្មទំហំ ៣ហិកតា និងដីលំនៅដ្ឋានទំហំ ៣០x៤០ម៉ែត្រ ។ បច្ចុប្បន្នមានកូនតែ៧នាក់ រស់នៅជាមួយអ្នកស្រី ប៉ុន្តែកូន៥នាក់មានប្តីប្រពន្ធហើយ។ កូនស្រីម្នាក់ គឺ ធូន រ័ត្នធី គឺជាអ្នកលក់ដូរក្នុងតៀមដែលអ្នកស្រីកំពុងកាត់ដេរនេះ។

ធូន រ័ត្នធី អាយុ៣១ឆ្នាំ បានបើកលក់ដូរអីវ៉ាន់ ដូចជាគ្រឿងឧបភោគ បរិភោគ ជាមួយម្តាយដែលទទួលដេរ ប៉ះខោអាវ អាចរកប្រាក់ចំណេញបានប្រមាណពី៥ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ។

ក្រៅពីប្រាក់ចំណេញពីការលក់ដូរដើម្បីដោះស្រាយជីវភាពសមាជិកគ្រួសារ អ្នកស្រី និងកូនៗ បានធ្វើស្រែលើដីទទួលបានជិត១ហិកតា និងដីជិតកន្លះហតទៀតនៅភូមិចាស់ដោយទទួលបានផលប្រមាណជា២,៥តោន ក្នុងមួយឆ្នាំ ។ លើសពីនេះ អ្នកស្រី មានគោ ១៦ក្បាល ដែលគោខ្លះជាគោប្រវាស់ជាមួយគេ មានមាន់ ទា និងដំណាំផ្សេងៗផងដែរ។ គោអាចឲ្យអ្នកស្រីលក់ នៅពេលដែលត្រូវការបំពេញបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ឬ ទិញរបស់របរប្រើប្រាស់។ 

ការឈឺចាប់ ក៏ដូចជាការខ្មាសអៀនដែលអ្នកស្រីធ្លាប់ទទួលបានកាលរស់នៅភូមិចាស់ បានរុញច្រានឱ្យអ្នកស្រី ប្តី និងកូនៗ ខិតខំប្រឹងប្រែងកសាងជីវភាពថ្មីនៅទីនេះ ដោយប្តេជ្ញាចិត្តថា ត្រូវធ្វើឱ្យមានជីវភាពប្រសើរឡើង ។  បច្ចុប្បន្ន អ្នកស្រីមានផ្ទះមួយខ្នង សង់ខ្ពស់ពីដី ទំហំ ៧x១២ម៉ែត្រ សម្រាប់គ្រួសារ កូនៗ និងចៅៗ។ ភាពរីកចម្រើននេះ ធ្វើឱ្យអ្នកស្រីប្រែសាច់ប្រែឈាម និងមានទឹកមុខស្រស់បស់រហូតដល់មានអ្នកភូមិចាស់កោតសរសើរទៀតផង ។

“តាំងពីបានទៅនៅដីសម្បទាន ដូចជាមានសាច់មានឈាមស្រស់ថ្លានិងធូរធារជាងមុន!” អ្នកស្រីនិយាយបែបអ៊ឹមអៀនរំលឹកដល់អ្វីដែលអ្នកស្រីបានឮពីមាត់របស់អ្នកភូមិចាស់ដែលបានសសើរអ្នកស្រី ពេលជួបគ្នាម្តងៗ ។

អ្នកស្រី នួន ធារី និងអ្នកស្រី ប្រាក់ វ៉ាន់ស៊ីន ស្ថិតក្នុងចំណោមប្រជាពលរដ្ឋជាង ៥ ០០០ គ្រួសារ  ដែលបានទទួលដីកសិកម្ម និងដីលំនៅដ្ឋានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ហើយកំពុងរស់នៅក្នុងសហគមន៍ចំនួន ១៤ ក្នុងខេត្តចំនួនប្រាំគឺ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ។ គម្រោងនឹងសាងសង់ ឬជួសជុលផ្លូវក្រាលក្រួសក្រហម ព្រមទាំងផ្តល់សេវាអប់រំ ថែទាំសុខភាពកាន់តែល្អប្រសើផងដែរ ជាពិសេសផ្តល់ជំនួយដល់គ្រួសារដែលងាយរងគ្រោះ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះសកម្មភាពប្រកបមុខរបរចិញ្ចឹមជីវិត និងសកម្មភាពដែលផ្ដល់អត្ថប្រយោជន៍ដល់ស្រ្តី ។

អ្នកស្រី នួន ធារី និងអ្នកស្រី ប្រាក់ វ៉ាន់ស៊ីនមានភាពជឿជាក់ថា ពួកគាត់ពុំមានការបារម្ភខ្លាចមានអ្នកណាមកយកដីពីពួកគាត់វិញទេ ហើយពួកគាត់ប្តេជ្ញាខិតខំប្រឹងប្រែងកសាងជីវភាពគ្រួសារឲ្យកាន់តែប្រសើរជាងនេះ៕
 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008983
ម្សិលមិញ :
009218
សរុប :
18209011
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir