អ៊ីមែល : mlmupc.caninet@gmail.com
November 10, 2022
ពិធីប្រគល់​ទទួលគម្រោង​ជួសជុល និង​អភិរក្សប្រាសាទ​តាកែវនៃរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​បាន​ប្រព្រឹត្ត​ទៅនៅក្រុងសៀមរាប​នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពី ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។     ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការរីកចម្រើន និងការវិវត្​តឈាន​ឡើង​របស់​កម្ពុជា​ពិតជា​មិនអាចកាត់ផ្ដាច់​ពីទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​កម្ពុជា​ចិន​ដ៏ស្អិតរមួត ជាពិសេស​ជំនួយហិរញ្ញប្បទាន​ឥតសំណង ឥណទាន​​ឥតការប្រាក់ និងឥណទាន​សម្បទាន​ក្នុងវិស័យ​សំខាន់ៗ​ជាច្រើន រួមនិង​ការផ្ដល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ ១៩ ផងដែរ។ សាធារណរដ្ឋ​ប្រជាមានិតចិន​​ក៏បានជួយកម្ពុជា​ក្នុងការ​ថែរក្សា​សិល្បៈ​វប្បធម៌ និង​អត្តសញ្ញាណ​​ជាតិរបស់ខ្លួនតាមរយៈ​កម្មវិធី និង​គម្រោង​អភិរក្ស​ជួសជុល​ស្រាវជ្រាវ​បណ្ដុះបណ្ដាល និងអភិវឌ្ឍន៍​​ប្រកប​ដោយចីរភាព​នូវ​សម្បត្តិ​វប្បធម៌ និងអរិយធម៌​នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣ រហូត ដល់បច្ចុប្បន្ន​។ ជាក់ស្ដែង​ប្រាសាទ​តាកែវ​ត្រូវបាន​ចាប់ផ្ដើម​ជួសជុល​ក្នុងឆ្នាំ២០១១ និង​បញ្ចប់នៅ​ឆ្នាំ២០១៨ ដោយ​ប្រើប្រាស់​ថវិកា​ចំនួន ៤០លាន​យន់ ប្រាសាទ​ចៅសាយ​ទេវតា ត្រូវបាន​ចាប់ផ្ដើម​ជួសជុល​ក្នុងឆ្នាំ​២០០០ និង​បញ្ចប់ក្នុងឆ្នាំ ២០០៨ ប្រើប្រាស់​ថវិកា​ចំនួន ១៤​លានយន់ បច្ចុប្បន្ន​យើងកំពុង​សិក្សា​គម្រោង​ជួសជុល​ព្រះបរម​រាជវាំង​អង្គរធំ ដែល​គ្រោង​នឹង​ចំណាយរយៈពេល ១០​ឆ្នាំពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៩ ប្រើប្រាស់​ថវិកា ៩០​លានយន់។ ថ្មីៗនេះ​អាជ្ញាធរជាតិ​អប្សរា​ក៏ទើបទទួល​បាន​មូលនិធិ​ពិសេស​ចំនួន ៣៧៩ ៤០០​ដុល្លារអាមេរិក ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គឡានឆាង​សម្រាប់​រយៈពេល ២ឆ្នាំ ដែលនឹង​ត្រូវ​អនុវត្ត​នៅចុងឆ្នាំ​២០២២ នេះ​ដើម្បី​អភិរក្ស​និងជួសជុល​ស្ពានហាល​ខាងកើត​នៃ​ប្រាសាទបេងមាលា។ ក្រៅពីនេះ​ប្រទេសចិន​ក៏ជា​សហប្រធាន​ជាមួយ​ប្រទេស​ឥណ្ឌា​នៃ ICC-ព្រះវិហារ ដោយ​ការសិក្សា​នៃ​គម្រោង​អភិរក្ស​និង​ជួសជុល​គោបុរះ​ទី១ ទី២ និងទី៣ ដែល​ភាគីចិន​កំពុង​សិក្សា​យ៉ាង​ល្អិតល្អន់ ដើម្បី​រួមចំណែក​ក្នុង​ការរក្សា​ការពារ​ប្រាង្គប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយទៀត​បន្ទាប់​ពីរមណីយដ្ឋានអង្គរ​។ ក្រៅពី​កិច្ចការ​អភិរក្ស​ទាំងអស់​នេះ​ស្ថាប័ន​សាធារណៈ និង​ឯកជនចិន​ផ្សេងទៀត​ក៏បាន​រួមចំណែក​ក្នុងការងារ​អភិរក្ស​ផ្សព្វផ្សាយ និង​លើកតម្លៃ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ផងដែរ។ ដោយឡែក​ពិធីប្រគល់​ទទួល​គម្រោង​ជួសជុល និង​អភិរក្សប្រាសាទ​តាកែវនា​ពេលនេះ គឺ​ជាសក្ខីភាព​ដ៏ជាក់ស្ដែង​និង​ជាលទ្ធផល​នៃកិច្ចសហប្រតិបត្តិការ​អមតៈ​រវាងប្រជាជាតិ​នៃប្រទេស​ទាំងពីរ​កម្ពុជា​ចិន។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញ​ពី​គោលជំហរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្រកាន់​ខ្ជាប់​ដោយ​ឥតលក្ខខណ្ឌ និង​គ្មានភាព​ស្រពេចស្រពិល​នូវ​“នយោបាយ​ចិនតែមួយ” ក៏ដូច​ជា​គាំទ្រ​យ៉ាងពេញ​ទំហឹង​នូវ “គំនិតផ្ដួច​ផ្ដើម​ខ្សែ​ក្រវ៉ាត់​និងផ្លូវ” របស់​រដ្ឋាភិបាល​ចិន​នៅលើ​គ្រប់វេទិកា​តំបន់ និង​អន្តរជាតិ​ពិសេស​រួមគ្នាកសាង “សហគមន៍​តែមួយ ជោគវាសនា​តែមួយ​ដើម្បី​មនុស្សជាតិ”។   ឯកឧត្តម លី ខឺឈាង នាយក​រដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​បានលើក​ឡើងថា មិត្តភាព​ប្រពៃណី​រវាងចិន និងកម្ពុជាគឺ​មាន​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ ដោយ​ប្រជាជន​នៃប្រទេស​ទាំងពីរ​មាន​ការផ្លាស់ប្ដូរ​វប្បធម៌​យ៉ាង​ជិតស្និទ្ធ​បំផុត ដែល​នេះ​ជាមូលដ្ឋាន​ដ៏​មាន​អត្ថន័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និងចំណង​មេត្រីភាពរ​វាងប្រទេស​ទាំងពីរ។ ចិន​និង​កម្ពុជា​គឺសុទ្ធតែ​ជា​ប្រទេសដែល​មាន​អរិយធម៌​រុងរឿង​តាំងពី​យូរលង់​ណាស់​មកហើយ ហើយ​កិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ​នាពេល​នេះ គឺ​អាស្រ័យ​លើ​ប្រជាជន​នៃ​ប្រទេសទាំងពីរ​មាន​ការផ្លាស់​ប្ដូរ​វប្បធម៌ ភាសា គ្នា​ទៅវិញ​ទៅមក​ក្នុង​បរិយាកាស ដែល​បច្ចុប្បន្ន​ពិភពលោក​កំពុងមាន​សេដ្ឋកិច្ច និង​សភាពការណ៍​ស្មុគស្មាញ ហើយ​សង្វាក់​ផលិតកម្ម​គឺ​ត្រូវមានការ​ផ្លាស់ប្ដូរ​រវាងប្រជាជន​និងប្រជាជន​ទើបទាមទារ​ឲ្យមាន​ការគាំទ្រ​ពី​ប្រជាជន​នៃ​ប្រទេសទាំងពីរ។ ឯកឧត្តម លី ខឺឈាង បាន​បញ្ជាក់ថា​ដោយ​មើលឃើញថា រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរ​បង្ហាញ​ឱ្យ​ឃើញ​ពីភាពរុងរឿង​ដ៏អស្ចារ្យ​ក៏ដូចជា​មោទនភាព​របស់ប្រជាជាតិ​កម្ពុជា​នោះ ដូច្នេះ​ហើយ​ទើបពេល​នេះប្រទេសចិន​ក៏បានជួយ​ជួសជុល​ប្រាសាទ​តាកែវ​នៃរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ដែល​នេះ​ជា​លើកទី២ ក្រោម​ក្របខណ្ឌ UNESCO បានជួយ​ដល់​ប្រទេស​កម្ពុជាហើយ​ឯកឧត្តម​យល់ឃើញថា​គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទ​តាកែវ​នឹងផ្ដល់ផល​ប្រយោជន៍​ដល់​កម្ពុជា​ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​កម្ពុជា ព្រមទាំង​ការផ្លាស់ប្ដូរ​វប្បធម៌​អរិយធម៌​រវាង​បណ្ដាប្រទេស​នីមួយៗនៅលើពិភពលោក​ផងដែរ។ ឯកឧត្តម​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​នឹង​រួមចំណែក​ធ្វើឱ្យ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ក៏ដូចជា​ជួយ​ជំរុញ​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​បាន​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​អំពី​វប្បធម៌​នៃប្រទេស​ទាំងពីរ​កម្ពុជា​ចិន៕      










         
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001368
ម្សិលមិញ :
005638
សរុប :
16662747
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir