អ៊ីមែល : mlmupc.caninet@gmail.com
February 27, 2023
  នាព្រឹកថ្ងៃ​ចន្ទ​ ៨កើត​ ខែផល្គុន​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​​រៀប​ចំ​ដែនដី​ នគរូប​នីយកម្ម​ និង​សំណង់​ និង​ជា​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ​​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា​ និង​សម្តេច​កិត្តិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋាន​សាលាថ្មី​ និង​សមិទ្ធផល​នានា​ ក្នុង​វត្តហត្ថិវនារាម​ ហៅ​វត្តក្តុល​ ស្ថិត​នៅឃុំទន្លូង ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។  
 

តាម​របាយការណ៍​របស់ លោក ស្រេង លី អភិបាល​ស្រុកមេមត់​ បានឱ្យ​ដឹងថា វត្តហត្ថិវនារាម ហៅវត្តក្តុល បាន​កសាង​ឡើង​ក្នុងឆ្នាំ ១៩៦៣ រហូតមក​ទល់​បច្ចុប្បន្ន​នេះ មាន​អាយុកាល​ប្រមាណ​ជាង ៦០ ឆ្នាំហើយ។ វត្តនេះ មាន​ផ្ទៃដី​ប្រមាណ ២៩៦៥០,៥៩ ម៉ែត្រការ៉េ និងមាន​ចម្ងាយប្រមាណ ២២ គីឡូម៉ែត្រ ពីទីរួម​ស្រុកមេមត់​។ ចាប់តាំងពី​កកើត​រហូត​មកដល់​បច្ចុប្បន្ន វត្តនេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ព្រះចៅ​អធិការវត្ត​ចំនួន ៧ អង្គ មកហើយ។ វត្តនេះ​ក៏​មិន​ខុស​ពីវត្ត​ដទៃទៀត នៅទូទាំង​ប្រទេស​ដែរ គឺ​បាន​រងនូវ​វិនាស​កម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បានធ្វើឱ្យ​វត្តនេះ​ខូចខាត​ខ្ទេចខ្ទី​គ្មានសល់​​។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តហត្ថិវនារាម ហៅវត្តក្តុល ត្រូវ​បានរៀប​ចំ​កសាង​ឡើងវិញ​ជា​បន្តបន្ទាប់ និង​មាន​ការរីក​ចម្រើន​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ ក្រោមការ​យកចិត្ត​ទុកដាក់ និង​ការចូលរួម​ពី​ សម្ដេចតេជោ​នាយករដ្ឋមន្រ្តី និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ព្រមទាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រួមជា​មួយ​ឥស្សរជន​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផងដែរ។ ដោយឡែក​ឧបដ្ឋាន​សាលាថ្មី ដ៏ធំស្កឹមស្កៃទំហំ ២៣ម x ៤៣ម និង​សមិទ្ធផល នានា ក្នុងវត្ត​ហត្ថិវនារាម ហៅ​វត្តក្តុល ដែល​ត្រូវ​សម្ពោធ​ឆ្លងដាក់ឱ្យ​ប្រើប្រាស់​នៅពេលនេះ​បាន​ចាប់ផ្ដើម​កសាង​ឡើងនា ខែធ្នូ ឆ្នាំ ២០១៦ រហូតមកទល់​បច្ចុប្បន្ន​នេះ​បាន​សាងសង់​រួចរាល់​ជាស្ថាពរ ដោយចំណាយ​ថវិកា​សរុបអស់ ៩០៥ ០៨០ ដុល្លារអារមេរិក ជា​​ថវិកា​​ដែល​​បាន​​មក​ពី​​ការរួម​ចំណែក​​ពី​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោកជំទាវ ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ ឯកឧត្តម អ៊ុក ប៊ុនឈឿន និង​លោកជំទាវ ព្រមទាំង​សប្បុរសជន និង​ពុទ្ធបរិស័ទ​​ចំណុះ​ជើងវត្ត​ជាច្រើន​រូបទៀត ដោយ​បច្ចុប្បន្ន​វត្តនៅ​ខ្វះថ្លៃ​ជាង​សាងសង់ និង​សម្ភារៈ​សំណង់​ចំនួន ១២ ៣០០ ដុល្លារអាមេរិក។
 
 
  ក្នុងឱកាសនោះ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ បាន​នាំមក​នូវការ​ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ និង​ការនឹក​រលឹក​គោរព​ស្រលាញ់​ពី សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និង​សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និង​ជូនចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពិសេសប្រជា​ពលរដ្ឋ​ក្នុងឃុំ​ទន្លូង និង​អាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ណដែលមានវត្តមាន​នៅទីនេះ ដែល​ជានិច្ចកាល​សម្ដេច​​តែងតែ​បានខិតខំ​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​លើគ្រប់​វិស័យ​ទាំង​វិស័យ​អាណាចក្រ និងពុទ្ធចក្រ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ លើ​កស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរ​ឡើង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ធនធាន​គ្រប់គ្រាន់​ក្នុងការ​ចូលរួមលើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជាសាសនា​របស់​រដ្ឋ​តាមរយៈ​ការចូលរួម​កសាង​សមិទ្ធផល​ផ្សេង​ៗ ក្នុងវិស័យ​ពុទ្ធចក្រ។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានចាត់​ទុក​ឧបដ្ឋាន​សាលាថ្មី និង​សមិទ្ធិផល​នានា​ក្នុងវត្ត​ហត្ថិវនារាម ហៅវត្ត​ក្តុល ដែល​ត្រូវ​សម្ពោធ​ឆ្លង​នាពេលនេះ ថា​ជា​សមិទ្ធផល​ដ៏ធំស្កឹមស្កៃ​មួយ​សម្រាប់​ទុក​ជា​សម្បត្តិ​គរុភ័ណ្ឌ​ក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនា ដែល​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ​បាន​រួម​ចំណែក​ក្នុងការកសាង ដោយសទ្ធា​ជ្រះថ្លា​ ដើម្បីឱ្យ​វត្តនេះ​មាន​គ្រប់​រចនា​សម្ព័ន្ធ​សាកសម​ជាទី​សក្ការៈ​បូជា​របស់​ពុទ្ធបរិស័ទ​គ្រប់ទិសទី​។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ​ទន្លូង ក៏​ដូច​ជាពុទ្ធ​បរិស័ទ​ជិតឆ្ងាយ​ទាំងអស់​ ឱ្យ​ចូលរួម​ថែរក្សា​សមិទ្ធផល​នានា ក្នុងវត្ត​ហត្ថិវនារាម ហៅវត្តក្តុល នេះ​ឱ្យ​បានគង់វង្ស ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធសាសនា ពី​ព្រោះ​សមិទ្ធផល​ទាំងនេះ គឺជាមោទកភាព​របស់​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ទាំងអស់ ក៏​ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទន្លូងផ្ទាល់ ដែលបាន​រួមចំណែក​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បីឱ្យ​សមិទ្ធ​ផល​ដ៏ល្អ​ទាំងនេះ​លេច​ចេញ​ជា​រូបរាង​បាន ហើយឯកឧត្តមក៏​សូម​ឧទ្ទិស​កុសល ដែលកើត​ចេញ​ពីកា​​រកសាង​សមិទ្ធផលនានា ក្នុងវត្តនេះ​ជូន​ដល់​វិញ្ញាណក្ខ័ន្ធ​យុទ្ធជន យុទ្ធនារី ដែល​បានពលី​ជីវិត​ក្នុង​បុព្វហេតុ​រំដោះ​ជាតិ និង​ប្រ​ជាជន ព្រម​ទាំង​វិញ្ញាណក្ខ័ន្ធ​ប្រជាជន​ស្លូត​ត្រង់ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​ក្នុង​របបកម្ពុជា​ប្រជាប្រជាធិបតេយ្យ សូម​បាន​ទៅ​កាន់​សុគតិភព​កុំបីឃ្លាងឃ្លាត​ផងដែរ។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំរបស់​ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​ដឹកនាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​យុទ្ធសាស្រ្ត​ត្រឹមត្រូ​វ គ្រប់ជ្រុងជ្រោយ ផ្តល់​នូវក្តី​សង្ឃឹម និង​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចាកផុត​ពី​ភាពភ័យ​ខ្លាច នានា ក្នុងនោះ​ក៏មានយុទ្ធសាស្រ្ត​ទប់ស្កាត់​វីរុស​ឆ្លង​រាតត្បាតកូវីត ១៩ ប្រកប​ដោយ​ភាព​ជោគជ័យ ដែល​បង្កលក្ខណៈឱ្យ​កម្ពុជា​អាចបើក​ដំណើរការ​ឡើងវិញ​លើគ្រប់​វិស័យ ដូច្នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ឱ្យ​បានគ្រប់ៗ​គ្នា​នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយ​ផ្តល់ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បី​បង្ហាញ​ពីការ​ដឹង​នូវ​គុណូបការៈ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ឥត​ស្រាកស្រាន្ត​របស់​​សម្តេច  ដើម្បី​បុព្វហេតុ​ជាតិ និងប្រជាជន។  


  បន្ទាប់មកឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏​បាន​នាំយក​ថវិកា​របស់​ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រគេន​ដល់​ព្រះ​ចៅអធិការវត្ត​ហត្ថិវនារាម ហៅវត្តក្តុល ដើម្បី​បង្រ្គប់​ថ្លៃ​ជាងសាងសង់ និងសម្ភារៈ​សំណង់ចំនួន ១២ ៣០០ ដុល្លារអាមេរិក ផងដែរ៕













សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000154
ម្សិលមិញ :
009218
សរុប :
18200182
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir