អ៊ីមែល : mlmupc.caninet@gmail.com
March 07, 2023
នា​រសៀល​ថ្ងៃ​អង្គារ ១រោច​ ខែ​ផល្គុន​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹង​ថ្ងៃទី​​០៧​ ខែ​មីនា​ ឆ្នាំ​​២០២៣​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​ និង​សំណង់​ បានអញ្ជើញ​​ជួប​​សំណេះ​សំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​ ជានារី​ក្រោម​ឱវាទក្រសួង​ ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​១១២​ ទិវា​អន្តរជាតិ​នារី​ ៨ មីនា​ (ឆ្នាំ១៩១០ ដល់ ២០២៣)​ ក្រោម​មូលបទ​ ស្ត្រីរួមគ្នា​រក្សា​សុខសន្តិភាព​ ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគ​សម័យ​ឌីជីថល​ ​ដោយ​មានការ​ចូលរួម​ពី​នារី​ក្នុងវិស័យដីធ្លី និង​សំណង់​មក​ពី​គ្រប់ថ្នាក់​ដែល​នៅថ្នាក់​ក្រសួង​មានចំនួន​សរុប ២៨១នាក់ និង​ថ្នាក់​រាជធានី ខេត្ត មាន៣៣៩ នាក់។

  តាម​លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ និង​ជាប្រធាន​ក្រុមការងារ​យេនឌ័រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ បានបញ្ជាក់​ថា​តាម​រយៈមូលបទ​ក្នុង​ទិវានារី​អន្តរជាតិ ៨ មីនា ឆ្នាំ ២០២៣ នេះគឺ ស្រ្តី​រួមគ្នា​រក្សា​សុខ​សន្តិភាព​ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគ​សម័យ​ឌីជីថល បានបង្ហាញ​ឱ្យ​ឃើញថា​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅតែ​ជា​របៀប​វារៈ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការលើក​កម្ពស់​សមធម៌ បរិយាប័ន្ន និង​ភាពសុខ​ដុ​ម​ក្នុង​សង្គម ដែលនឹង​ផ្តល់​តម្លៃ​បន្ថែម​នូវ​កាលានុវត្តភាព​ដល់ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ស្រ្តី និង​ក្មេង​ស្រី អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​សិទ្ធិ​និងការប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ជា​អតិបរមា។ កត្តានេះ​ជា​ឱកាស​រួម ដើម្បី​ឱ្យ​គ្រប់រូប​ចូលរួម​ជាដៃគូ​ជាមួយ​បុរសក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមជាតិ ឆ្ពោះទៅ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ដែល​នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ និង​ជាប្រទេស​អភិវឌ្ឍ​នៅ​ឆ្នាំ ២០៥០។ លោក​​ជំទាវ បន្តថា រាជរដ្ឋាភិបាលកម្ពុជា​ក៏បាននឹង​កំពុង​ផ្តោតលើការ​ដោះស្រាយ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល​សំដៅ​បង្កើន​ការ​ចូលរួម​របស់​ស្រ្តី​ក្នុង​វិស័យ​នេះ ការប្រើប្រាស់​បច្ចេក​វិទ្យា ដោយ​ប្រសិទ្ធភាព ការអប់រំ​ចំណេះ​ដឹង និង​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា វិស្វកម្ម សិល្បៈនៃការ​ច្នៃ​ប្រឌិត និង​គណិតវិទ្យា (STEAM)។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏នឹង​កែលម្អ​ការ​រៀបចំ​កញ្ចប់​ថវិកាឆ្លើយតប​នឹង​គោលនយោបាយ​យេនឌ័រ​តាម​វិស័យ​ជំនាញ​នីមួយៗ ដើម្បី​អាច​ធ្វើការ​វិភាជន៍​ថវិកា​ប្រចាំ​ឆ្នាំរបស់​ជាតិ​លើ​ការងារ​យេនឌ័រ​បាន​ដូច​វិស័យ​ជំនាញ​ផ្សេងៗ​ទៀតដែរ​។

  ក្នុង​ឱកាស នោះ ឯកឧត្តម ជា សុផារ៉ា ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ បាន​ចាត់ទុក​មូលបទ​ក្នុង​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំនេះ ថា មាន​សារសំខាន់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រជាបន្ត​ទៀត ដើម្បី​ប្រសិទ្ធភាព និង​ភាព​កក់ក្តៅ​របស់​ស្រ្តី​។ ជា​រៀងរាល់​ឆ្នាំ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្មនិង​សំណង់ តែងតែ​យក​ឱកាស​នេះ ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​នារី​ក្រោម​ឱវាទ​ក្រសួង ប៉ុន្តែ​បានអាក់​ខាន​រយៈពេល ៣ឆ្នាំ ជាប់ៗ​គ្នា ដែល​មិន​បាន​រៀបចំ​ពិធី​ជួបជុំ​គ្នា ដោយ​សារ​មាន​ការ​ឆ្លងរាតត្បាត​ពី​ជំងឺកូវីដ ១៩។  ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បាន​រំលេច​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ទិវា​នារី​អន្តរជាតិ​ ចាប់​តាំងពី​ឆ្នាំ1១៩១០ ដល់ឆ្នាំ ២០២៣ និង​ការផ្តល់​តម្លៃ​ដល់ស្រ្តី​ក្នុង​បរិបទ​សង្គម​កម្ពុជា ដែល​មាន​តាំង​ពី​បុរាណ​កាលរហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​មូលបទ​ក្នុង​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំនេះ ដែល​មូល​បទ​នេះ គឺសាកសម​ពី​ព្រោះថា​ ដើម្បីឱ្យ​មាន​សន្តិភាព​ពេញលេញ​អាច​អភិវឌ្ឍប្រទេស​ជាតិ​បាននេះ គឺ​ជា​ខ្លឹមសារ​ដ៏​ពិសិដ្ឋ ដែល​ប្រជាជាតិ​កម្ពុជា​ធ្លាប់​បានឆ្លងកាត់​នូវ​របប​ដ៏​ខ្មៅ​ងងឹត និងសង្រ្គា​មរ៉ាំរ៉ៃ​មាន​តែ​ឈាម និង​ទឹកភ្នែក និង​មាន​បំណង​ប្រាថ្នា​តែមួយគត់ គឺ​ចង់​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ភាព​សុខដុម​រមនា​នៅ​ក្នុង​ក្រុមគ្រួសារ​ និង​សង្គមជាតិ ដូច្នេះ​​ទើប​យុទ្ធជន យុទ្ធនារី​តែងតែ​មានការប្តេជ្ញា​ចិត្ត​ទប់ស្កាត់​កុំ​ឱ្យ​សោកនាដកម្ម​ប្រល័យ​ពូជសាសន៍​នេះ​វិល​ត្រលប់​មក​សាជាថ្មី​ទៀ​ត ដោយ​យក​អាយុជីវិត​ធ្វើ​ជាដើម​ទុន​ក្នុង​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពីរបបដ៏ខ្មៅងងឹតនេះ និង​ទទួល​បាន​នូវ​សុខ​សន្តិភាពពេញ​បរិបូរណ៍​ទូទាំង​ប្រទេស​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បញ្ជាក់ថា នេះគឺ​ជា​ឆ្នាំចុង​ក្រោយ​នៃ​ការ​អនុវត្ត​នូវ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី ៦ ហើយ​យើង​ទាំងអស់​គ្នា​នឹង​ចូលរួម​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី ៧ នាថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣។ នាឆ្នាំ ២០២២ កន្លងមក ថ្នាក់ដឹកនាំ មន្រ្ដីរាជការ​ទាំងអស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​រួម​ចំណែក​យ៉ាង​សកម្មស្តារ​ឡើងវិញ​នូវ​ស្ថានភាព​គ្រប់បែបយ៉ាង​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ ដោយ​ក្រសួង​បាន​ផ្តល់​សេវា​ជាច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​ការ​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ​នៃ​ស្ថាប័ន​ថ្នាក់ជាតិ​មួយ​នេះ​ក៏​បាន​មកដោយ​សារ​ស្រ្តី​ពី​ព្រោះ​ភាព​ទន់ភ្លន់​ម៉ឺងម៉ាត់ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្រ្តី គឺ​គ្រប់​ការិយាល័យ​ទាំងអស់​តែងតែមាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អជាមួយ​ប្រជាពលរដ្ឋ​ក៏ដូចជា​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​ប្រសើរ និង​មិនមាន​វិវាទ​ផ្ទៃក្នុង​ការងារ​នោះឡើយ​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​ថ្លែង​អំណរគុណ​ដល់ថ្នាក់​ដឹកនាំ និងមន្រ្តី​រាជការ​ជាស្រ្តី​នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដែល​បាន​រួម​ចំណែក​ធំធេងបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​មិន​ខ្លាច​នឿយហត់ ដើម្បី​សម្រេច​តាមផែនការ​ ដែល​ក្រសួង​បាន​ដាក់​ជូន និងរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​នេះ ឱ្យ​ក្លាយ​ជា​ស្ថាប័ន​មួយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000209
ម្សិលមិញ :
009218
សរុប :
18200237
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir