February 23, 2016
គណៈកម្មការសុរិយោដីបានបង្កើតឡើងដោយអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្របតាមមាត្រា៤៧នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដែលជាយន្តការដោះស្រាយវិវាទដីធ្លី ក្រៅ ប្រព័ន្ធតុលាការ។ គណៈកម្មការនេះនិងត្រូវបានដាក់ឲ្យដំណើរការក្នុងអំឡុង ខែ មេសា ឆ្នាំ ២០០៣ ។
I-រចនាសម្ព័ន្ធ
  គណៈកម្មការសុរិយោដីមានរចនាសម័្ពន្ធបីថ្នាក់គឺ ៖ 
 • គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ ៖ អភិបាលក្រុង ស្រុក ខណ្ឌ ជាប្រធាន និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាអនុប្រធាន។ ចំពោះសមាជិកគណៈកម្មការនេះរួមមានមន្រ្តីដែលបម្រើការងារនៅការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌជាសមាជិកអចិន្រ្តៃយ៍ និងតំណាងអាជ្ញាធរភូមិ ឃុំ និង/ឬ ចាស់ព្រឹទ្ធាចារ្យជាសមាជិកចំពោះកិច្ច។
 • គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ៖ អភិបាលរាជធានី ខេត្ត ជាប្រធាន និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ជាសមាជិកអចិន្ត្រៃយ៍ តំណាងក្រុង ស្រុក ខណ្ឌ និងមន្ទីរពាក់ព័ន្ធជាសមាជិកចំពោះកិច្ច ។ គណៈកម្មការសុរិយោដីរាជធានី ខេត្ត មានលេខាធិការដ្ឋានមួយជាសេនាធិការ និង ជាអង្គភាពស៊ើបអង្កេត ។
 • គណៈកម្មការសុរិយោដីថ្នាក់ជាតិ ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន  មានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ០១រូប រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ០១រូប ជាសមាជិក និង មានលេខាធិការដ្ឋានមួយជាសេនាធិការ ។
 
II-តួនាទី ភារកិច្ច
         គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី(ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី)ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែលមិនអាចសម្រុះសម្រួលបានដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនិងបណ្តឹង ទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញ លក់ ជួល បញ្ចាំ។គណៈកម្មការសុរិយោដីយកការសម្រុះសម្រួលជាមូលដ្ឋាន ប៉ុន្តែបើមិនអាចធ្វើការសម្រុះសម្រួលបាននៅ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ វិវាទនោះនឹងត្រូបបញ្ជូនទៅគណៈកម្មការសុរិយោដីរាជធានី ខេត្ត ។ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលបានកំណត់ ប៉ុន្តែបើការសម្រុះសម្រួលមិនទទួលបានជោគជ័យទេនោះគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងមាននីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច ។ ផ្ទុយទៅវិញបើភាគីវិវាទណាម្នាក់មិន សុខចិត្តចំពោះការសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងទៅ គណៈកម្មការសុរិយោដីថ្នាក់ជាតិឲ្យធ្វើសវនាការឡើងវិញ។ បន្ទាប់ពីគណៈកម្មការសុរិយោដីថ្នាក់ជាតិទទួលបានការស្នើសុំឲ្យធ្វើសេចក្តីសម្រេចឡើងវិញរួចហើយ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលបានកំណត់ បើយល់ថាចាំបាច់។ តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ ទោះបីជាគណៈកម្មការសុរិយោដីថ្នាក់ជាតិ បើកសវនាការសម្រេចលើវិវាទបែបនេះក៏ដោយ ក៏នៅតែបើកផ្លូវឲ្យគូភាគីប្តឹងតវ៉ានឹងសេចក្តីសម្រេចនេះទៅតុលាការក្នុងរយៈពេល៣០ថ្ងៃក្រោយពីបានទទួលសេចក្តីសម្រេច។
ការងារដោះស្រាយទំនាស់ដីធ្លី គឺជាការងារមានចរិតអន្តរវិស័យ ហើយ ទាមទារឲ្យមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ។ ការងារនេះ មាន ទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាពិសេសភាគីវិវាទផ្ទាល់។  ពិសេសជាងនេះទៅទៀតនោះ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី តម្រូវឲ្យមន្រ្តីគណៈកម្មការត្រូវចុះធ្វើការដោះស្រាយនៅជិតដីទំនាស់ ឬលើទីតាំងដីទំនាស់តែម្តង មានន័យថាជាកិច្ចការដែលត្រូវបំពេញសេវាសាធារណៈផ្ទាល់ជូនប្រជាពលរដ្ឋ។  ការងារដោះស្រាយទំនាស់ដីធ្លីត្រូវផ្អែកលើក្របខណ្ឌគតិយុត្តិដែលបច្ចុប្បន្នមានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការដោះស្រាយទំនាស់ដីធ្លីជាច្រើនដែលត្រូវបានដាក់ឲ្យអនុវត្ត ។ដូច្នេះតំរូវឲ្យមានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនដល់មន្ត្រី និងអ្នកពាក់ព័ន្ធជាប់ជាប្រចាំដើម្បីធានាបាននូវការអនុវត្តសិទ្ធិ និងធ្វើឲ្យមានសុវត្ថិភាពនៃសិទ្ធិកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើដីធ្លី រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសង្គម ។    
III-អំពីនីតិវិធី នៃការដោះស្រាយវិវាទដីធ្លី
គណៈកម្មការសុរិយោដីនឹងធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ក្រុង ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ តាមដំណាក់កាលទាំង ៥ ដូចខាងក្រោម ៖
 • ដំណាក់កាលទី ១ ៖ ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹងបុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ ។ បន្ទាប់មកគណៈកម្មការ និងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធ នឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយះពេល៣០ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង។ 
 • ដំណាក់កាលទី ២ ៖ ការស៊ើបអង្កេតបន្ទាប់ពីទទួលពាក្យបណ្តឹងគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឲ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឲ្យបានច្បាស់លាស់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិត ក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជា លាយល័ក្ខណ៍អក្សរ ។ ករណីភាគីវិវាទមិនពេញចិត្តចំពោះការច្រានចោលនោះ ភាគីវិវាទនោះអាចប្តឹងទៅគណៈកម្មការសុរិយោដីថ្នាក់លើបន្ទាប់ក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីភាគីទទួលបានសេចក្តីជូនដំណឹង ឬទម្រង់បែបបទច្រានចោលពាក្យបណ្តឹងនោះ។
 • ដំណាក់កាលទី ៣ ៖ កិច្ចប្រជុំរដ្ឋបាលគូភាគីវិវាទត្រូវចូលរួមប្រជុំរដ្ឋបាលតាមការអញ្ជើញរបស់គណៈកម្មការ   សុរិយោដី ដើម្បីបានយល់អំពីដំណើរការ និងនីតិវិធីនៃការដោះស្រាយវិវាទ។ ភាគីត្រូវធ្វើការជ្រើសរើសអ្នកសម្រុះសម្រួល៣រូបនិងទទួលព័ត៌មានអំពីសិទ្ធិរបស់ ខ្លួនក្នុងការជ្រើសរើសបុគ្គលណាម្នាក់ដែលភាគីជឿថាអាចជួយខ្លួនបានក្នុងនាមជាជំនួយការភាគី ។ ទន្ទឹមនោះគូភាគីត្រូវកំណត់ពេលវេលាទីកន្លែងដោះស្រាយ ជាមួយនឹងអ្នកសម្រុះសម្រួល ឬគូភាគីអាចជូនដំណឹងអំពីការសុំជំទាស់ពីវិវាទផលប្រយោជន៍រវាងភាគីណាមួយជាមួយគណៈកម្មការសុរិយោដី ។
 • ដំណាក់កាលទី ៤ ៖ ការសម្រុះសម្រួល និង/ឬសម្រេចការដោះស្រាយរបស់គណៈកម្មការសុរិយោដីធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែងមានន័យថាជាការដោះស្រាយមួយដោយយកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈរបស់គូភាគីវិវាទដែលសុខចិត្តចែករំលែកផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកក្រោមការខិតខំ ប្រឹងប្រែងរកវិធីដោះស្រាយពីអ្នកសម្រុះសម្រួល ។ ភាគីវិវាទ និងអ្នកជំនួយការភាគីត្រូវចូលរួមក្នុងកិច្ចប្រជុំសម្រុះសម្រួលនេះ។ ដំណើរការប្រជុំសម្រុះសម្រួល ត្រូវស្ថិតក្រោមវិធាននៃការសម្រុះសម្រួលមួយ ។ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់ បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើករណីវិវាទមិនអាចធ្វើការដោះ ស្រាយដោយការសម្រុះសម្រួលបានទេនោះ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ នឹង បញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធី ដែលបានកំណត់ប៉ុន្តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេនោះ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងមាននីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច។ ផ្ទុយ ទៅវិញបើភាគីវិវាទណាម្នាក់មិនសុខចិត្តចំពោះការសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេចឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេចភាគី វិវាទនោះមានសិទ្ធិប្តឹងស្នើសុំគណៈកម្មការសុរិយោដីថ្នាក់ជាតិឲ្យធ្វើសវនាការ ។ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាមធ្វើការសម្រុះសម្រួលបន្ត ។ តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដី ថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ ទោះបីជាគណៈកម្មការសុរិយោដីថ្នាក់ជាតិបើកសវនាសម្រេចលើវិវាទបែបនោះក៏ដោយក៏នៅតែបើកផ្លូវឲ្យគូភាគីប្តឹងតវ៉ានឹងសេចក្តីសម្រេចនេះទៅតុលាការក្នុងរយៈពេល៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេច ។
 • ដំណាក់កាលទី ៥ ៖ ការវាស់វែងត្រៀមចេញប័ណ្ណ ក្រោយពេលវិវាទត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យទាំងការសម្រុះសម្រួលឬសម្រេច អ្នកដោះស្រាយនឹងចុះធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់តាមការព្រមព្រៀងរបស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ ។ បន្ទាប់មកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមនីតិវិធីចុះបញ្ជីក្បាលដីតាមការស្នើសុំរបស់ភាគីវិវាទ ។

IV-សារៈសំខាន់របស់គណៈកម្មការសុរិយោដី 
 • ក.កាត់បន្ថយចំនួនករណីវិវាទដីធ្លីដែលនឹងត្រូវប្តឹងទៅស្ថាប័នតុលាការ គណះកម្មការសុរិយោដីជួយដោះស្រាយករណីវិវាទដីធ្លីដែលមិនទាន់ចុះ  បញ្ជីសុរិយោដី ពោលគឺដីដែលគ្មានឯកសារសម្គាល់ច្បាស់លាស់ខាងផ្លូវច្បាប់ ឬអាចនិយាយបានថា ដីដែលប្រជាជនយកការកាន់កាប់មកជាសំអាង  គឺមិនមកយកការទទួលស្គាល់ពីច្បាប់ជាសម្គាល់នោះទេ។ ហើយការដោះស្រាយដោយផ្អែកលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អរបស់ខ្មែរ និងច្បាប់ផងដែរ ។
 • ខ.ការផ្តល់សេវាសាធារណះជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋ គណះកម្មាការសុរិយោដីមានរចនាសម្ព័ន្ឋរហូតដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលប្រការនេះជាការងាយស្រួលសម្រាប់គូភាគីវិវាទក្នុងការទំនាក់ទំនងដាក់ពាក្យបណ្តឹង និងចូលរួមធ្វើការដោះស្រាយ ព្រោះថាការដោះស្រាយត្រូវធ្វើឡីងលើដី    ទំនាស់ ឬនៅជិតទីតាំងដីទំនាស់ ។ សរុបមកជាគឺជាការអនុវត្តគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណះនិងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ពោល គឺមន្រ្តីគណះកម្មការសុរិយោដី ផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងជាក់ស្តែង ។
 • គ.ការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ  គណះកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដោយមិនតម្រូវឲ្យភាគីវិវាទបង់ប្រាក់ ឬវិភាគទានអ្វីឡើយ ពិសេសមន្រ្តីគណះកម្មការត្រូវចុះធ្វើការស៊ើបអង្គេត និងដោះស្រាយដល់ទីតាំងដីវិវាទឬនៅជិតទីតាំងដីវិវាទដែលប្រការនេះមានន័យថា រាជរដ្ឋាភិបាលបានជួយសន្សំសំចៃទាំងថវិកា និងពេលវេលាជូនភាគីវិវាទ ។
 • ឃ.ការកសាងនូវវប្បធម៌យោគយល់អធ្យាស្រ័យគ្នា គណះកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដោយឈរលើទស្សនាននៃការសម្រុះសម្រួលគ្នាជាមូលដ្ឋាន នេះគឺជាការនាំ​យក​មក​នូវវប្បធម៌នៃការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងស្រទាប់ប្រជាពលរដ្ឋយើង មានន័យថាកាត់បន្ថយភាពប្រឈមដាក់គ្នារវាងគូភាគីវិវាទ ពោលគឺនាំគូភាគីវិវាទឲ្យអង្គុយចុះដើម្បីរកមធ្យោបាយដោះស្រាយហើយចង់ឲ្យគូភាគីវិវាទស្ថិតនៅក្នុងស្ថានភាពជាអ្នកឈ្នះ ឈ្នះ។នៅទីបំផុតប្រសិនជាការដោះស្រាយត្រូវបានបញ្ចប់ដោយការព្រមព្រៀងគឺធ្វើឲ្យភាគីវិវាទអាចរស់នៅជាអ្នកជិតខាងល្អប្រកបដោយសុខដុមនីយកម្ម។
   
V-អំពីលទ្ធផលសម្រេចបាន
គិតចាប់ពីថ្ងៃដំណើរការរហូតមកត្រឹមតំណាច់ឆ្នាំ២០១៥ សម្រេចបានទទួលពាក្យបណ្តឹងសរុបចំនួន ៧២៤៣ ករណី ក្នុងនោះ៖ 

 • ដោះស្រាយបញ្ចប់ដោយការព្រមព្រៀង និងសម្រេច           ៣៣៣៥   ករណី 
 • ច្រានចោលបន្ទាប់ពីស៊ើបអង្កេតឃើញខុសសមត្ថកិច្ច        ២.៣៧២  ករណី 
 • ភាគី ស្នើសុំដកពាក្យបណ្តឹង                                               ៧៣៨     ករណី
 • សរុបដោះស្រាយបញ្ចប់នីតិវិធី                                       ៦៤៤៥    ករណី 
 • កំពុងដោះស្រាយបន្តចំនួនមាន                                        ៧៩៨     ករណី  ស្នើនឹង 
 

 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
019195
ម្សិលមិញ :
026768
សរុប :
20346335
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir